កិច្ចប្រជុំ​​ជាមួយ​មា្ចស់រោងចក្រវាយនភ័ណ្ឌ និងជ្រលក់ពណ៌ រោងចក្របោកគក់ ឬបោះពុម្ព និងរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្ម ដើម្បី​ជំរុញ​ការ​អនុវត្ត​សេចក្តី​ជូន​ដំណឹង​លេខ ១០៦១ សជណ.ចស្ថ្ ចុះ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០១៦​

223

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តសេចក្តីជូនដំណឹងលេខ១០៦១ សជ.ណ.បស្ថ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ កិច្ចប្រជុំនេះមានការចូលរួមពីមា្ចស់រោងចក្រវាយនភ័ណ្ឌ និងជ្រលក់ពណ៌ រោងចក្របោកគក់ ឬបោះពុម្ព និងរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្ម ជាដើម។ ក្នុងកិច្ចប្រជុំនេះបានផ្តល់ឱ្យអ្នកចូលរួមទាំងអស់យល់ដឹងកាន់តែច្បាស់ក្នុងការអនុវត្តនូវរាល់វិធានការទាំងឡាយនានាដែលបានចែងក្នុងសេចក្តីជូនដំណឹងខាងលើ ដើម្បីជាការចូលរួមចំណែកក្នុងកិច្ចគាំពារបរិស្ថានតាមរយៈការរៀបចំអាងប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់ និងដំណើរការឱ្យបានជាប់ជាប្រចាំ មុននឹងបង្ហូរសំណល់រាវចេញពីរោងចក្ររបស់ខ្លួន។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សារយៈពេលជាងពីរម៉ោងរួចមកជាលទ្ធផលទទួលបានដូចតទៅ:

១. ក្រុមហ៊ុនដែលបានអនុវត្តតាមនីតិវិធីបទដ្ឋានបច្ចេកទេសក្នុងពេលកន្លងមកក្រសួងសូមវាយតម្លៃខ្ពស់ និងកោតសសើរដោយស្មោះ ហើយសូមពិចារណារៀបចំជាសិក្ខាសាលាដោយអញ្ជើញក្រសួង និងអ្នកពាក់ព័ន្ធរួមទាំងក្រុមហ៊ុនដទៃទៅទស្សនាដើម្បីជាការចូលរួមផ្សព្វផ្សាយចំពោះកិច្ចខិតខំប្រឹងប្រែង ២. ក្រុមហ៊ុនដែលមិនទាន់អនុវត្តតាមនីតិវិធីសូមចាប់ផ្តើម ព្រោះក្រសួងបានធ្វើការអប់រំ ផ្សព្វផ្សាយជាច្រើនលើក ច្រើនសាររួចមកហើយ ហើយក្នុងនៅឆ្នាំ២០១៧ ខាងមុខនេះ ក្រុមការងារអន្តរក្រសួងនឹងចុះអនុវត្តតាមច្បាប់ ៣. ឆ្លៀតក្នុងឱកាសនេះឯកឧត្តមប្រធានបានពង្រីកកិច្ចប្រជុំនេះជាវេទិការសាធារណៈដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានាដែលកំពុងមាន ជាពិសេស ឯកឧត្តមបានបញ្ជាក់ថា សូមឱ្យមានការសហការណ៍រាយការណ៍ក្នុងករណីមានភាពមិនប្រក្រតីរបស់មន្ត្រីបរិស្ថានដែលចុះពិនិត្យតាមរោងចក្រ សហគ្រាសនានា តាមរយៈសារអេឡិចត្រូនិច មកកាន់ឯកឧត្តមផ្ទាល់តាមរយៈអ៊ីម៉ែល sophalleth@yahoo.com។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ក្រសួងបរិស្ថានបានចេញសេចក្តីដូចដំណឹងមួយ លេខ១០៦១ ស.ជ.ណ.បស្ថ ក្នុងគោលបំណងជំរុញឱ្យរោងចក្រមួយចំនួន ជាពិសេសរោងចក្រវាយនភ័ណ្ឌ និងជ្រលក់ពណ៌ រោងចក្របោកគក់ ឬបោះពុម្ព និងរោងចក្រកែឆ្នៃផលិតផលកសិ-ឧស្សហកម្ម ដែលបានបញ្ចេញសំណល់រាវរបស់ខ្លួនដោយមិនបានធ្វើប្រព្រឹត្តកម្មសម្អាត ឬអាងប្រព្រឹត្តកម្មខ្លះមិនដំណើរការ ឱ្យបានជាប់លាប់ និងអាងប្រព្រឹត្តកម្មខ្លះទៀតមិនមានសមត្ថភាពឆ្លើយតបទៅនឹងបរិមាណសំណល់រាវដែលបានបង្កើត និងបញ្ចេញ…ល។ ដែលជាហេតុបង្កឱ្យមានការពុលដោយផ្ទាល់ ឬដោយប្រយោលទៅដល់ គុណភាពទឹក ដី និងបង្កផលប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញប្រភពបំពុល៕

photo_2016-12-30_00-01-50

ទាញយក (PDF, 3.37MB)

ចែករំលែក