ជំនោរស្លែទឹក ឬជំនោរក្រហម (Red Tide)

159

ជំនោរស្លែទឹក ឬជំនោរក្រហម (Red Tide)

ស្លែទឹក (Algae) ឬជំនោរស្លែរទឹក (Red Tide) គឺជាប្រភេទនៃការលូតលាត់គំហុករបស់ស្លែរទឹក (algal bloom) ដែលវាតែងកើតឡើងយ៉ាងលឿន ដោយសារការកើនឡើងច្រើននៃពពួកអតិសុខុមប្រាណ (Microscopic Organism) ដែលរស់នៅក្នុងទឹក។ ភាវរៈរស់ទាំងនោះត្រូវបានគេស្គាល់ថា Dinoflagellates ដែលជាប្រភទប្លង់តុងរស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីទឹកសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីទឹកសាប។ ការកើនឡើងភ្លាមៗ ឬយ៉ាងលឿន នៃភាវៈរស់ទាំងនោះ គឺបណ្តាលមកពីការប្រែប្រួលកម្រិតសារធាតុចិញ្ចឹម សីតុណ្ហភាព និងជម្រៅទឹក ហើយពេលខ្លះដោយសារតែសកម្មភាពរបស់មនុស្ស ដូចជាការបង្ហូរចូលទៅក្នុងទឹកនូវបរិមាណនៃសារធាតុចិញ្ចឹមដែលមាននៅក្នុងជីកសិកម្ម សំណល់រាវសរីរាង្គពីទីកសិដ្ឋាននិងសត្តឃាត សំណល់រាវទីក្រុង…ល។

ពពួកប្លង់តុងទាំងនោះ ក្នុងខ្លួនរបស់វាមានផ្ទុកនូវសារធាតុ Neurotoxins (Neurotoxins គឺជាសារធាតុពុលបំផ្លាញកោសិកាប្រព័ន្ធសសៃប្រសាទ) ដូចជាសារធាតុ brevetoxin ឬ ដូមីណូអាស៊ីត ហើយនឹង saxitoxin ដែលកកើតឡើងច្រើនក្នុងបរិស្ថាន កក្តានេះហើយដែលបណ្តាលទឹកប្រែជាល្អក់ក្រហម និងពណ៌ទឹកមិនថ្លានៅផ្ទៃខាងលើ។ ល្អក់ក្រហម ពណ៍ទឹកមិនថ្លានេះដែលយើងតែងតែហៅថា ជំនោរស្លែទឹក ឬជំនោរក្រហម (Red Tide) នេះឯង។ នៅពេលដែលសារធាតុពុលទាំងនោះវាមានវត្តមាននៅក្នុងខ្លួននៃពពួកប្លង់តុងដែលនាំដល់ការកកើត ជំនោរស្លែទឹក ឬ ជំនោរក្រហម (Red Tide) គេតែងហៅឈ្មោះម្យ៉ាងទៀតថាជា ស្លែគ្រោះថ្នាក់ (HAB)។ ក្នុងករណី ដែលស្លែទាំងនោះអាចត្រូវបានស៊ីដោយពពួកសត្វត្រី សត្វស្លាប ពពួកសត្វចិញ្ចឹមកូនដោយទឹកដោះ?ដែលរស់នៅក្នុងសមុទ្រ ឬមនុស្ស វានឹងបណ្តាលឱ្យសតិ ឬញាណមានការប្រែប្រួល ហើយពេលខ្លះអាចបណ្តាលឱ្យស្លាប់ក៏មាន។ សារធាតុពុលទាំងនោះអាចកើតមាននៅក្នុងខ្យល់ផងដែរ បើសិនជានៅពេលដែលកំពុងកើតមានជំនោរស្លែទឹក មានខ្យល់បោកបក់មកខ្លាំង។ ឧទារហណ៍ករណីមួយបានកើតមាននៅឆ្នេរ សមុទ្រនៃរដ្ឋផ្លរីដា (Florida) នៅពេលនោះមេរោគ (ឬតុកសីនរបស់វា) ទាំងនោះបានបណ្តាលឱ្យកើតជំងឹហឺត ដែលបង្ករគ្រោះថ្នាក់ ដល់ប្រជាជនជាច្រើន នឹងបានបញ្ជូលទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។

សូមបញ្ជាក់ថាពពួកប្លង់តុង (ប្លង់តុងមានជាង៥០ប្រភេទ និងប្រភេទបង្កគ្រោះថ្នាក់ដល់មនុស្សមានចំនួនជាង៣០ប្រភេទប៉ុណ្ណោះ) នេះឯងភាគច្រើនមិនមានផលប៉ះអ្វីមកមនុស្សនោះទេ លើសពីនោះពួកគេ គឺជាប្រភពចំណីអាហាររបស់ពពួកសត្វត្រីធំៗ និងពពួកសត្វត្រីដែលចិញ្ចឹមកូនដោយទឹកដោះដូចជាត្រីបាឡែនជាដើម។ ប៉ុន្តែកក្តាមួយដែលយើងត្រូវស្វែងយល់នោះគឺ នៅពេលដែលចំនួនរបស់ពួកវា (ប្លង់តុង) មានការកើនឡើងច្រើនយ៉ាងឆាប់នោះ វានឹងបណ្តាលឱ្យកើតជាស្លែរទឹក ហើយផ្ទៃទឹកនឹងមើលទៅឃើញល្អក់ ក៏ព្រោះតែវត្តមាននៃពពួកប្លង់តុងប្រភេទផ្សេងៗគ្នាជាច្រើនកំពុងពង្រីកខ្លួន។

ពីព្រោះតែវត្តមាននៃពពួកប្លង់តុងដែលមានប្រភេទផ្សេងៗគ្នាច្រើនទាំងនោះហើយ បណ្តាលឱ្យស្លែរទាំងនោះមើលទៅមានពណ៌ផ្សេងៗគ្នា ដូចជាបៃតង ប្រែប្រួលទៅជា ពណ៌ត្នោត នឹងទៅជាពណ៌ក្រហមជាដើម។ គួរកត់ចំណាំផងដែរថាបើសិនជាប្រភេទណាមួយនៃប្លង់តុងទាំងនោះមានច្រើនជាងប្រភេទណាមួយនោះ នោះពណ៌របស់ស្លែរទឹក ក៏នឹងប្រែប្រួលទៅតាមនោះផងដែរ។ ចំពោះអ្នកវិទ្យាសាស្រ្តវិញ ដោយហេតុថាពណ៌ទឹកមានការប្រែប្រួលនោះហើយទើបពួកគាត់តែងហៅ «ការរីកសាយស្លែទឹក (algal bloom)» នេះថាជា ឬជំនោរក្រហម (Red Tide)។ យើងសង្កេតឃើញថាពាក្យ ជំនោរក្រហម (Red Tide) នេះតែងត្រូវបានគេស្គាល់ភាគច្រើននៅសហរដ្ឋអាមេរិក ហើយពាក្យថា «ការរីកសាយស្លែទឹក (algal bloom)» ត្រូវបានគេស្គាល់ស្ទើរជុំវិញពិភពលោក។

ប្រភេទសំខាន់ជាងគេនៃពពួកប្លង់តុងទាំងនោះត្រូវបានគេស្គាល់ឈ្មោះថា Karenia brevis ដែលប្រភេទទាំងនេះតែងរស់នៅតំបន់ឆ្នេរសមុទ្រនៃភាគខាងជើងឈាងខាងកើតនៃប្រទេសមិកស៊ិកកូ ដោយឡែកនៅតាមបណ្តោយឆ្នេរនៃភាគខាងជើងមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិកនៃភាគខាងជើងអាមេរិកឯណោះវិញ ពពួកប្លង់តុងទាំងនោះភាគច្រើនជាប្រភេទ Alexandrium spp ប្រភេទប្លង់តុងទាំងនេះភាគច្រើនត្រូវបានស៊ីជាអាហារ ដោយពពួកគ្រុំ (mussels) ខ្ចងគ្រែង (sea scallops) អ៊យស្ទើ (oyster) បង្កងសមុទ្រ (lobster) ក្តាម ត្រីសាលម៉ុង ត្រីសារឌីនធំៗ ត្រីស្បៃកា ត្រីបាឡែន បក្សីសមុទ្រ និងពពួកភេសមុទ្រ។

អ្នកវិទ្យាសាស្ត្រក៏មិនច្បាស់អំពីមូលហេតុដែលបណ្តាលឱ្យកើតមាន ស្លែរទឹក ដែរនេះថាវាបណ្តាលមកពីបាតុភូតធម្មជាតិ ឬដោយសកម្មភាពរបស់មនុស្ស។ ក្នុងតំបន់ខ្លះនៃពិភពលោកយើងនេះ តែងទទួលរងគ្រោះដោយបាតុភូតស្លែរទឹកនេះម្តងម្កាលប៉ុណ្ណោះក្នុងមួយឆ្នាំៗ ហើយដែលនៅតំបន់ខ្លះបាតុភូតនេះ កើតឡើងនៅពេលដែលមនុស្សយើងបង្កើតវាប៉ុណ្ណោះ។

ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តមួយចំនួនត្រូវបានរកឃើញថា សកម្មភាពនៃការបំពុលបរិស្ថានទាំងឡាយណាដែលបណ្តាលឱ្យសីតុណ្ហភាពរបស់ទឹកឡើងកំដៅនោះភាគរយនៃការកើតស្លែរទឹកនោះក៏ខ្ពស់ដែរ។ ការសិក្សាខ្លះទៀតបានឱ្យដឹងថាពពួក នីត្រាត (Nitrate) និងស្ពាន់ធ័រ (phosphate) ដែលមាននៅក្នុងជីកសិកម្មដែលហូរចូលទៅក្នុងទឹកគឺជាមូលហេតុកកើតស្លែរទឹក៕

 

កែសម្រួលជាភាសាខ្មែរដោយ៖ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្រសួងបរិស្ថាន

ប្រភពអត្ថបទ៖ Environmental Science: In Context / Brenda Wilmoth Lerner & K. Lee Lerner, 2009.

ប្រភពរូបភាព៖ http://www.miseagrant.umich.edu/

 

ចែករំលែក