វគ្គទី២៖ ផ្លាស់ស្ទិក (Plastic) ផលិតឡើងជាមួយ ប៉ូលីតេអេលែន ដែលមានកំហាប់ខ្ពស់
ថ្ងៃ ពុធ, 30 វិច្ឆិកា, 2016ផ្លាស់ស្ទិកគឺជាសមាសភាពបឋមនៃផលិតផលប្រើប្រាស់ជាច្រើនមុខ ដោយមានរាប់បញ្ចូលទាំង ដបទឹក និងផលិតផលសម្រាប់វិចខ្ចប់ដទៃទៀត។ ទោះបីយ៉ាងដូច្នេះក៏ដោយ មិនមែនគ្រប់ប្រភេទនៃផ្លាស់ស្ទិក សុទ្ធតែដូចគ្នានោះទេ។ ក្នុងឆ្នាំ១៩៨៨ ប្រទេសដែលជាឧស្សាហកម្មផលិតផ្លាស់ស្ទិក បានបង្កើតប្រព័ន្ធសម្រាប់ចាត់ថ្នាក់ផលិតផលផ្លាស់ស្ទិកទាំងនោះ ដើម្បីងាយដល់អ្នកប្រើប្រាស់កត់ចំណាំ និងអ្នកដែលទទួលផលិតផលទាំងនោះទៅកែឆ្នៃមានភាពងាយស្រួល ហើយការបោះចោលទៀតសោតក៏ងាយចំណាំដោយហេតុថាយើងអាចដឹងថា ប្រភេទផ្លាស់ស្ទិកណាមួយ ប្រើសារធាតុគីមីណាមួយ។ បច្ចុប្បន្នសហគ្រាសអ្នកផលិតបានគោរពតាមប្រព័ន្ធចាត់ថ្នាក់ផលិតផលផ្លាស់ស្ទិក ហើយបានដាក់លេខកូដសំគាល់ ឬហៅថា SPI code ទៅលើគ្រប់ផលិតផលផ្លាស់ស្ទិកនិមួយៗផងដែរ។
ផ្លាស់ស្ទិកដែលមាន SPI code លេខ II នេះគឺត្រូវបានផលិតឡើងជាមួយ ប៉ូលីតេអេលែន ដែលមានកំហាប់ខ្ពស់ (high-density polyethylene) ឬត្រូវបានស្គាល់ថា HDPE។ ផលិតផលផ្លាស់ស្ទិកដែលផលិតឡើងដោយ HDPE គឺជាផលិតផលដែលមានសុវត្ថភាពបំផុត ហើយនឹងមិនលេចជ្រាបសារធាតុគីមីផ្សេងៗចូលទៅក្នុងម្ហូបអាហារ ឬភេសជ្ជៈដែលទុកដាក់នៅក្នុងវាឡើយ។ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយចុះយើងមិនគួរគម្បីយកផលិតផលដែលប្រើប្រាស់រួចម្តងមកហើយនោះ ទៅដាក់ម្ហូបអាហារឬភេសេជ្ជៈនោះទេ បើយើងមិនប្រាកដថាពេលមុន ផលិតផលមួយ នេះត្រូវបានគេប្រើសម្រាប់ដាក់ម្ហូប ឬក៏ភេសជ្ជៈនោះ។
ផ្លាស់ស្ទិកដែលផលិតពី HDPE រូមមាន ប្រអប់សម្រាប់ដាក់ទឹកដោះគោ កំប៉ុងប្រេងម៉ាស៊ីន កំប៉ុងសារប៊ូ ដបដាក់សាប៊ូលាងដៃ/ម៉្សៅសាប៊ូ និងដាក់ឡេ។ ផលិតផលផ្លាស់ស្ទិក ដែលត្រូវបានផលិតឡើងជាមួយ HDPE នេះ ជាធម្មតាគឺអាចកែឆ្នៃជាផលិតផលប្រើប្រាស់ឡើងវិញបានទាំងអស់ ហើយផលិតផលទាំងនោះមានដូចជាឡាំងជ័រ ដំបងជ័រ របងជ័រ ដាវជ័យ និងផលិតផលជាច្រើនមុខទៀត។
កែសម្រួលជាភាសាខ្មែរដោយ៖ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្រសួងបរិស្ថាន
ប្រភពអត្ថបទ៖ https://www.qualitylogoproducts.com
ប្រភពរូបភាព៖ http://www.suayanenterprise.com