ការពិគ្រោះយោបល់លើឯកសារគោលនយោបាយប្រព័ន្ធពត៌មានភូមិសាស្រ្ត
ថ្ងៃ អង្គារ, 30 មេសា, 2019ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំក្រុមការងារស្តីពី «ការពិគ្រោះយោបល់លើឯកសារគោលនយោបាយប្រព័ន្ធពត៌មានភូមិសាស្រ្ត» នៅរាជធានីភ្នំពេញ នាថ្ងៃពុធ ០៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៩។ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគ្រប់គ្រងទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថាន បានឱ្យដឹងថាកិច្ចប្រជុំក្រុមការងារនេះ រៀបចំឡើងដើម្បីពិនិត្យលើសេចក្តីព្រាងឯកសារគោលនយោបាយប្រព័ន្ធព័ត៌មានភូមិសាស្រ្ត ដែលរៀបចំដោយលេខា ធិការ ដ្ឋានគ្រប់គ្រងទិន្នន័យព័ត៌មានភូមិសាស្រ្តវិស័យបរិស្ថាន និងសហការសម្របសម្រួលជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)។ ឯកឧត្តម បានលើកទឹកចិត្ត ឱ្យលេខាធិការដ្ឋារៀបចំផែនការសកម្មភាពបន្ត និងសុំឱ្យក្រុមការងារគ្រប់គ្រងទិន្នន័យព័ត៌មានភូមិសាស្ត្រសហការគ្នាប្រកបដោយភាពស្មោះត្រង់ និងសាមគ្គីភាព ដើម្បីចូលរួមប្រមូលធ្វើបច្ចុប្បន្នភាព ធ្វើការសិក្សាស្រាវជ្រាវ កសាងនូវទិន្នន័យថ្មីសម្រាប់វិស័យបរិស្ថាន និងចូលរួមការពារសុវត្ថិភាពក្នុងការចែករំលែក និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យឱ្យមានប្រសិទ្ធិភាព។
ទោះបីគម្រោងគាំទ្រដោយ UNDP បញ្ចប់ក្តី តែឯកឧត្តម រ័ត្ន វិរៈ សង្ឃឹមថា តាមរយៈគម្រោង World Bank យើងអាចជម្រុញការកសាងសមត្ថភាពជំនាញ បច្ចេកវិទ្យាទំនើបៗ ដល់មន្ត្រីជំនាញ ជាពិសេសក្រុមជនបង្គោលគ្រប់គ្រងទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថាន ដើម្បីចូលរួមសកម្មភាពការងារគ្រប់គ្រងទិន្នន័យឱ្យបានល្អប្រសើរ។ ការបណ្តុះបណ្តាលសមត្ថភាពជំនាញដល់មន្ត្រីថ្នាក់ក្រោមជាតិ និងការសិក្សាបង្កើតឧបករណ៍គាំទ្រសេចក្តីសម្រេចចិត្ត (DSS) ប្រើប្រាស់ក្នុងការវិភាគ និងវាយតម្លៃអំពីការប្រើប្រាស់ដីប្រកបដោយនិរន្តរភាពត្រូវរៀបចំឡើងផងដែរ ដើម្បីជួយដល់អ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងការកំណត់អត្តសញ្ញាណតាមវិស័យនានា សម្រាប់កិច្ចប្រឹងប្រែងក្នុងការអភិរក្សធនធានធម្មជាតិ កិច្ចការពារបរិស្ថាន ការកសាងភាពធន់នឹងអាកាសធាតុ ការចូលរួមរបស់សហគមន៍ និងសកម្មភាពអភិវឌ្ឍន៍។
សូមបញ្ជាក់ថា ក្រោយពីចេញសេចក្តីសម្រេចលេខ០០៦ សសរ.បស្ថ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ស្តីពីការបង្កើតក្រុមការងារគ្រប់គ្រងទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថាន ហើយសមិទ្ធិផលជាច្រើន បានលេចចេញឡើងដូចជាៈ
១. ការរៀបចំវគ្គបណ្តុះបណ្តាលចំនួនបីលើកដល់មន្ត្រីបង្គោលនៃ អង្គភាពពាក់ព័ន្ធទាំងអស់នៃក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីឱ្យពួកគាត់អាចអនុវត្តការងារជំនាញ ប្រកបដោយគុណភាព សម្រាប់គាំទ្រដល់ការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព គ្រប់គ្រងបាននូវធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងមេត្រីភាពបរិស្ថាន។
២. គោលការណ៍ណែនាំសម្រាប់ការគ្រប់គ្រងទិន្នន័យព័ត៌មានភូមិសាស្ត្រវិស័យបរិស្ថាន គឺជាឯកសារ ណែនាំតាមបែបបច្ចេកទេស សម្រួលដល់អ្នកប្រមូល ចងក្រង និងគ្រប់គ្រងទិន្នន័យព័ត៌មានភូមិសាស្ត្រ ដែលអាចអនុវត្តតាម ដើម្បីកសាងបាននូវទិន្នន័យព័ត៌មានភូមិសាស្ត្រប្រកបដោយគុណភាព សុក្រឹតភាព និងបមាណីយភាព។
៣. កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យដំណើរការនូវប្រព័ន្ធប្រមូលផ្តុំទិន្នន័យព័ត៌មានភូមិសាស្ត្រ (GIS Portal)។
ជាទិសដៅបន្តក្រុមការងារនេះ ខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន និងចូលរួមប្រមូលផ្តុំកសាងនូវទិន្នន័យភូមិសាស្ត្របរិស្ថាន ដើម្បីផ្តល់សេវាកម្មព័ត៌មានភូមិសាស្រ្តបរិស្ថាននេះ ប្រើប្រាស់សម្រាប់ការគាំទ្រសេចក្តីសម្រេចចិត្ត ការធ្វើផែនការគ្រប់គ្រងធនធានធម្មជាតិ ការការពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព៕