អន្ទាក់តម្លៃថោក តែមានអានុភាពបំផ្លាញសត្វព្រៃឱ្យវិនាស
ថ្ងៃ អង្គារ, 2 កុម្ភៈ, 2021ក្រុងសែនមនោរម្យ៖ ខ្សែគោ ខ្សែលួស ខ្សែកាប ត្រូវបានដាក់លក់គ្រប់ទីកន្លែងក្នុងតម្លៃថោក។ សម្ភារទាំងនេះត្រូវបានកែច្នៃជាអង្គប់ និងអន្ទាក់សម្រាប់ប្រមាញ់សត្វព្រៃ ក្នុងកម្រិតវិនាសកម្ម។
លោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បាននិយាយថា៖ «អន្ទាក់ជាឃាតករលាក់មុខ និងសម្លាប់សត្វព្រៃដោយស្ងាត់ស្ងៀមបំផុត ថ្វីដ្បិតតែអន្ទាក់មានតម្លៃថោក ងាយស្រួលរក និងងាយស្រួលដំឡើង តែវាអាចសម្លាប់សត្វដ៏មានប្រសិទ្ធភាពបំផុត។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសត្វក្រចកជើងចម្ពាមនៅតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតក្នុងខេត្ដមណ្ឌលគិរី លោកបានបន្ដថា៖ «អន្ទាក់ធ្មេញដែក និងអន្ទាក់ឆក់អាចសម្លាប់សត្វព្រៃផង ក៏មានលទ្ធភាពអាចសម្លាប់មនុស្សផងដែរ។ ដូច្នេះ អន្ទាក់ធ្វើឱ្យព្រៃធម្មជាតិគ្មានសត្វព្រៃ»។
លោក សេង ទៀក និយាយថា ក្នុងទសវត្សរ៍ទី៥០ ប្រទេសកម្ពុជា ត្រូវបានអ្នកវិទ្យាសាស្ដ្រ និងអ្នកស្រាវជ្រាវពិពណ៌នាថា ជាឋានសួគ៌របស់សត្វព្រៃក្នុងទ្វីបអាស៊ី និងជាតំបន់មួយដែលមានសត្វព្រៃច្រើនជាងគេក្នុងពិភពលោក បន្ទាប់ពីទ្វីបអាហ្វ្រិក។
លោកអះអាងថា៖ «ការលើកឡើងនេះ ក៏មានភ័ស្ដុតាងបញ្ជាក់ក្នុងភាពយន្ដឯកសារស្ដីពីការស្រាវជ្រាវសត្វគោព្រៃ ទន្សោង ខ្ទីង ក្របីព្រៃនៅកម្ពុជាដោយអ្នកវិទ្យាសាស្ដ្រជនជាតិអាមេរិកក្នុងឆ្នាំ ១៩៥១»។
អន្ទាក់មានតម្លៃថោក តែនាំមហន្តរាយច្រើនអនេក។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីមថ្មីៗនេះ អង្គការ WWF ក៏បានចេញរបាយការណ៍មួយស្ដីពីវិបត្ដិអន្ទាក់តំបន់អាស៊ីអាគ្នេយ៍ និងបានប៉ាន់ប្រមាណថា អន្ទាក់ប្រមាណ ១២,៣ លានអន្ទាក់ កំពុងគំរាមកំហែងដល់ការរស់នៅរបស់សត្វព្រៃ។
លោកបានឱ្យដឹងថា៖ «តំបន់ការពារធម្មជាតិចំនួន ១១ នៅក្នុងប្រទេសកម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានប្រមូលអន្ទាក់សរុបជាង ៣៧ ម៉ឺនអន្ទាក់ ក្នុងរយៈពេល ៩ ឆ្នាំ ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩»។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖ «ដោយឡែកនៅកម្ពុជា យើងអត់ដឹងថា មានអន្ទាក់ចំនួនប៉ុន្មាននៅក្នុងតំបន់ការពារធម្មជាតិរបស់យើងនោះទេ។ ប៉ុន្ដែក្នុងមួយឆ្នាំៗ យ៉ាងហោចណាស់ ប្រមាណ ៥ ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិរបស់យើង»។
លោកបន្ដថា រូបភាពតាមកាមេរ៉ាតាមដានមើលឃើញថា សត្វព្រៃមួយចំនួនមានពិការភាព និងសត្វខ្លះទៀត ជើងជាប់អន្ទាក់។
ជាមន្ដ្រីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃភ្នំព្រេច ដែលមានបទពិសោធការពារសម្បត្ដិធម្មជាតិ និងដោះស្រាយបញ្ហាអន្ទាក់ជាង ១០ ឆ្នាំ លោក មិន ធឿន បានអះអាង អន្ទាក់ស្ថិតនៅពាសពេញព្រៃ ដែលរង់ចាំប្រហារសត្វគ្រប់ពេលវេលា លើសពីការបរបាញ់អាចមានខុស និងមានត្រូវ។
មន្ដ្រីឧទ្យានុរក្សដែលវិវត្ដពីព្រានប្រមាញ់សត្វព្រៃបាននិយាយថា៖ «ពីមុន មានតែការបរបាញ់ដោយប្រើកាំភ្លើង និងការប្រហារត្រូវបានធ្វើឡើងតែលើសត្វជាជម្រើសប៉ុណ្ណោះ តែបច្ចុប្បន្ន មានអន្ទាក់ ដែលរង់ចាំប្រហារសត្វគ្រប់ទាំងអស់»។
អ្នកជំនាញអង្គការ WWF ពិនិត្យមើលឧបករណ៍ឆក់។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម ជាមួយមនោសញ្ចេតនារបស់មហាជន សត្វទន្សោង ១ ក្បាល ដែលត្រូវបានមើលឃើញសម្រក់ទឹកភ្នែក ពេលជាប់អន្ទាក់ព្រានជាច្រើនថ្ងៃ មុនពេលត្រូវបានសង្គ្រោះនៅក្នុងដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័ន ខេត្ដឧត្ដរមានជ័យ។ ជាអកុលស ទន្សោងអភ័ព្វ ១ ក្បាលនេះ បានស្លាប់ព្រោះតែសុខភាពចុះខ្សោយ និងអាការរបួសធ្ងន់ធ្ងរ។
លោកនិយាយថា៖ «កត្ដានាំឱ្យទន្សោងនោះស្លាប់ ដោយសារ ទី១ វាអត់ចំណី ទី២ វាអត់ទឹក ដែលធ្វើឱ្យសត្វខ្សោយ។ វារើបម្រះខ្លាំង ខណៈជើងជាប់អន្ទាក់ ហើយពេលមន្ដ្រីយើងសង្គ្រោះវាមក វាបានស្លាប់បាត់បង់ជីវិត»។
លោក នេត្រ ភក្ត្រា អះអាងថា បញ្ហាគ្រោះថ្នាក់ជាងគឺ អន្ទាក់ខ្សែឆក់។ វាអាចមានប្រវែងរហូតដល់រាប់រយម៉ែត្រក្នុង ១ ខ្សែ។ ព្រានរាយដាក់ខ្សែលួសនៅតាមព្រៃ ដោយភ្ជាប់ជាមួយក្បាលអាគុយអគ្គិសនី។ ព្រាននៅពួនចាំចុចកុងតាក់អគ្គិសនីពេលឃើញសត្វព្រៃដើរកាត់លួស។ វាអាចធ្វើឱ្យស្លាប់ ឬសន្លប់។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា ស្ថានភាព ១០ ឆ្នាំចុងក្រោយនេះ ទន្សោងដែលជាសត្វព្រៃដ៏កម្រក្នុងពិភពលោកមានចំនួនធ្លាក់ចុះរហូតដល់ ៧២ ភាគរយនៅកម្ពុជា ដែលនៅសេសសល់ត្រឹមប្រមាណ ៨៥៦ ក្បាល នៅដែនជម្រកសត្វព្រៃទាំង។
សកម្មភាពពិនិត្យមើលលទ្ធផលការងារអភិរក្សសត្វ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម ចន្លោះឆ្នាំ ២០១០ និងឆ្នាំ ២០២០ សត្វឈ្លូស ជាប្រភេទសត្វកម្រមួយដែរ ធ្លាក់ចុះប្រមាណ ៥២ ភាគរយ ត្រឹមចំនួន ៣ ៣៥០ ក្បាល ខណៈជ្រូកព្រៃធ្លាក់ចុះ ១៨ ភាគរយនូវចំនួន ៤ ០១៧ ក្បាល។
លោកលើកឡើងថា៖ «តាមការសិក្សា នៅក្នុងឆ្នាំ ២០១០ ចំនួនសត្វព្រៃមានច្រើន ហើយចំនួនអន្ទាក់មានតិចតួច។ ប៉ុន្ដែក្រោយមក ចំនួនសត្វមានការថយចុះ ខណៈចំនួនអន្ទាក់មានការកើនឡើង។ អន្ទាក់ជាបញ្ហាប្រឈមសម្រាប់ជីវចម្រុះ ជាពិសសសម្រាប់សត្វព្រៃ»។
ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីឧទ្យានុរក្ស អង្គការដៃគូ ប្រជាសហគមន៍ ដែលបានចូលធ្វើសត្វនុរក្សនេះ តំបន់ការពារធម្មជាតិមួយចំនួនមានការកើនឡើងនូវចំនួនសត្វព្រៃដូចជា ទោចថ្ពាល់លឿង ស្វាកន្ទុយស ក្ងោក និងជ្រូកព្រៃនៅដែនជម្រកសត្វព្រៃកែវសីមា។
លោក នេត្រ ភក្ដ្រា បាននិយាយដៃកាន់សៀវភៅស្ដីពីការស្រាវជ្រាវស្ថានភាពសត្វក្រចកជើងចម្ពាម រយៈពេល ១០ ឆ្នាំថា៖ «ឆ្នាំ ២០២០ អន្ទាក់ជិត ៥ ម៉ឺន ត្រូវបានដោះចេញពីដែនជម្រកសត្វព្រៃនៅទូទាំងប្រទេសកម្ពុជាក្នុងចំណោមតំបន់ការពារ ៦៨ កន្លែង។ ដោយឡែក ក្នុងខេត្ដមណ្ឌលគិរីអន្ទាក់ជិត ១ ម៉ឺន ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងខេត្ដមណ្ឌលគិរី ដែលអាចជួយសង្គ្រោះសត្វព្រៃមួយចំនួន»។
លោកនិយាយថា៖ «ឧទ្យានុរក្សបំពេញការងារយ៉ាងមានប្រសិទ្ធភាពបំផុត។ ចន្លោះឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩ មន្ដ្រីឧទ្យានុរក្ស បានប្រមូលអន្ទាក់សរុបជាង ២ ម៉ឺនអន្ទាក់ អន្ទាក់ឆក់ជាង ៥ ពាន់។ ដោយឡែក ក្នុងឆ្នាំ ២០២០ អន្ទាក់ ៤ ៧៧២ អន្ទាក់ ត្រូវបានប្រមូល និងសត្វព្រៃរស់ចំនួន ១០៩ ក្បាល ត្រូវបានដោះលែង រួមទាំងជនសង្ស័យ ៤២ នាក់ ត្រូវបានចាប់ខ្លួន»។
លោក នេត្រ ភក្ត្រា និង លោក សេង ទៀក (ឆ្វេងទី២)។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីមមន្ដ្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានជាង ១ ២០០ នាក់ ដែលគ្រប់គ្រងតំបន់អភិរក្សព្រៃមានទំហំជាង ៧,៣ លានហិកតា ដែលស្មើ ៤១ ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា។
ដោយឡែក ដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច មានមន្ដ្រីឧទ្យានុរក្ស ៥១ នាក់ និងសត្វនុរក្ស ៤៦ នាក់ និងក្រុមល្បាតសហគមន៍ ៥៨៨ នាក់ លើផ្ទៃដីជិត ៦ ពាន់គីឡូម៉ែត្រការ៉េ ក្នុងខេត្ដមណ្ឌលគិរី។
ការរ៉ាប់រងល្បាតលើវិសាលភាពផ្ទៃដីដ៏ធំធេងទាំងនេះ មន្ដ្រីឧទ្យានុរក្សចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាលជំនាញលើភារកិច្ចរបស់ខ្លួន។
លោក សេង ទៀក លើកហេតុផលថា៖ «បើសិនមានការជួយសត្វជាប់អន្ទាក់ យើងមិនអាចចេះតែចូលបាននោះទេ ជាពិសេសសត្វធំៗ ពីព្រោះពួកវាជាសត្វព្រៃ ដែលប្រយុទ្ធការពារខ្លួនវាជានិច្ច»។
ក្រុមសង្គ្រោះតម្រូវឱ្យមានថ្នាំសន្លប់សម្រាប់បាញ់សត្វជាមុន រួចការដោះអន្ទាក់ និងថែទាំនៅទីកន្លែង ឬយកទៅថែទាំនៅទីស្នាក់ការមុនពេលលែង។
លោក នេត្រ ភក្ដ្រា បានលើកឡើងថា៖ «មន្ដ្រីឧទ្យានុរក្សរបស់យើងទទួលការបណ្ដុះបណ្ដាលលើចំណេះដឹងផ្នែកច្បាប់ដែលពាក់ព័ន្ធ។ ពួកគេក៏ត្រូវយល់អំពីការសង្គ្រោះបឋមថាតើពួកគេជួយសត្វតាមរបៀបមេ៉ច បើសត្វព្រៃជួបបញ្ហា ពីព្រោះមន្ដ្រីរបស់យើងមិនត្រឹមតែការពារព្រៃប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជួយសង្គ្រោះសត្វជាប់អន្ទាក់ថែមទៀត»។
លោកបន្ថែមថា៖ «យើងត្រូវមានជំនាញបន្ថែម និងសម្ភារសង្គ្រោះបន្ថែម ដើម្បីក្រុមការងារដែលចុះល្បាតជាមួយគ្នា ក្នុងករណីជួបជាមួយសត្វជាប់អន្ទាក់ យើងអាចជួយទាន់ពេលវេលា»។
ជាមួយនឹងកង្វល់ពីហានិភ័យនៃការវិនាសសត្វព្រៃ និងក្ដីសង្ឃឹមក្នុងការស្ដារចំនួនសត្វព្រៃក្នុងដែនជម្រកនានា អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ បញ្ឈប់ការទទួលទានសត្វសាច់ព្រៃ ហើយនិយាយថា ទេ ចំពោះសាច់សត្វព្រៃ ដើម្បីបញ្ឈប់ការបរបាញ់សត្វដោយខុសច្បាប់។
លោកបានបញ្ជាក់ថា៖ «យើងក៏សុំអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ រួមទាំងខេត្ដស្ទឹងត្រែង រតនគិរី ក្រចេះ និងមណ្ឌលគិរី ចូរសហការជាមួយគ្នាក្នុងការបង្ក្រាបការជួញដូរសត្វព្រៃ និងការលក់សាច់ព្រៃខុសច្បាប់ក្នុងតំបន់របស់ខ្លួន»៕
ប្រភពភ្នំពេញ ប៉ុស្តិ៍