នៅក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអោយដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងសមត្ថកិច្ចរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ក្រសួងបរិស្ថានបានផ្ទេរមុខងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានមន្ទីរបរិស្ថានជាសេនាធិការ។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ដែរថា ក្រសួងបរិស្ថានបានខិតខំជំរុញការអនុវត្តសារាចរណែនាំ លេខ០៥ ស.រ.ណ.ន. ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដោយសហការជាមួយគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពង្រឹងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ ដោយបានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។

ក្នុងវេទិការថ្នាក់ជាតិនាថ្ងៃនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថាបច្ចុប្បន្ន ក្រសួងបរិស្ថានបាននិងកំពុងខិតខំធ្វើការកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ រួមមាន «តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍» បោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិ រៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោះស្រាយទំនាស់ដីធ្លី សហការចុះបញ្ជីដីធ្លី និងរៀបចំផែនទីសម្រាប់ការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដូចជា ដីលំនៅដ្ឋាន ដីសមូហភាពជនជាតិដើមភាគតិច សម្បទានដីសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច និងតំបន់ការពារធម្មជាតិ ក៏ដូចជាសម្រាប់ការកំណត់ និងបង្កើតតំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះដែរ តាមរយៈយុទ្ធនាការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅទូទាំងប្រទេសត្រូវបានលុបបំបាត់ទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចមួយចំនួន ដូចជា ការលួចកាប់ឈើ និងការកាប់រុករានទន្ទ្រានយកដីរដ្ឋនៅបន្តកើតមាន ហើយការរុករក និងធ្វើអាជីវកម្មរ៉ែ ក៏ដូចជា ការប្រើប្រាស់ដីនៅក្នុងតំបន់ការពារធម្មជាតិសម្រាប់ជាមូលដ្ឋានកងទ័ព នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តរួមគ្នាចាត់វិធានការគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

ព័ត៌មានបន្ថែម

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ថ្ងៃ ព្រហស្បតិ៍, 10 កញ្ញា, 2026 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់ចេញការអនុវត្តច្បាប់២.១ ដោយរាប់ចាប់ពីការកសាងសំណុំរឿងបទល្មើស និងបន្តនីតិវិធីរហូតសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចុះសំណេះសំណាលជាមួយកងកម្លាំងយោធភូមិភាគទី១ ក្នុងស្មារតីរួបរួមការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ
ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី
ថ្ងៃ ពុធ, 9 កញ្ញា, 2026 ក្រសួងចំនួន៣ រួមគ្នារៀបចំអភិវឌ្ឍន៍តំបន់ការពារធម្មជាតិជីផាត ឱ្យទៅជា «គោលដៅលំហែបៃតង» ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី