សត្វត្មាតចំនួនបីប្រភេទនៅកម្ពុជាកំពុងស្ថិតនៅក្នុងហានិភ័យខ្ពស់
ថ្ងៃ អង្គារ, 5 កញ្ញា, 2017ចំនួនសត្វត្មាតហាក់កំពុងខិតទៅរកការបាត់បង់វត្តមានពីកម្ពុជា ខណៈពេលដែលវត្តមានសត្វប្រភេទនេះធ្លាក់ចុះដល់៥០ភាគរយគិតចាប់ពីឆ្នាំ២០០០មក។ នៅក្នុងឆ្នាំ២០១៧នេះដែរ អ្នកស្រាវជ្រាវបានធ្វើជំរឿនឃើញមានតែ ១២១ក្បាលប៉ុណ្ណោះ ដែលជាអាត្រាទាបបំផុតរាប់ចាប់តាំងពីឆ្នាំ២០០៣។
លោក ស៊ីម៉ុន ម៉ាហូដ ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់នៃអង្គការ WCS បានថ្លែងថា ការបំពុលគឺជាការគំរាមកំហែងដ៏ខ្លាំងបំផុត ចំពោះហ្វូងសត្វតា្មតនៅកម្ពុជាហើយក៏ប៉ះពាល់ដល់សុខភាពមនុស្សផងដែរ។លោកបន្តថា ជាការចាំបាច់បំផុតក្នុងការអភិរក្សសត្វត្មាតទាំងបីប្រភេទនេះ ត្រូវមានការចូលរួមពី រដ្ឋាភិបាល អង្គការអភិរក្សនានា រួមជាមួយសហគមន៍មូលដ្ឋាន។
សូមរឭកថា សត្វត្មាតនៅក្នុងកម្ពុជាបាននឹងកំពុងគំរាមកំហែងដោយសារការបាត់បង់ទីជម្រក កង្វះចំណីអាហារ ការបាត់បង់ព្រៃឈើតាមរយៈដីសម្បទានសេដ្ឋកិច្ច និងការកាប់ឆ្ការព្រៃ ដែលជាហេតុបាត់បង់ជម្រកពងកូនរបស់ត្មាត។រីបញ្ហាមួយទៀតគឺ ការបំពុល ដែលបញ្ហានេះបណ្តាលឲ្យសត្វត្មាត ជាង៣០ក្បាលស្លាប់ ដោយសារតែស៊ីសាកសពសត្វដែលស្លាប់ដោយសារថ្នាំពុល។
នាយកកម្មវិធីអភិរក្សរបស់អង្គការជីវិតសត្វស្លាប លោក ប៉ូ វរសក្ស បានគូសបញ្ជាក់ថា ទោះបីជាមានការអភិរក្សក៏មិនអាចបញ្ឈប់ការធ្លាក់ចុះនូវចំនួនសត្វត្មាតនោះទេ។ លោកបន្តថា នៅឆ្នាំនេះ ស្ថានភាពសត្វត្មាតស្ថិតក្នុងការព្រួយបារម្ភបំផុត ហើយយើងអាចឃើញពីចំនួនសត្វត្មាតភាគច្រើនមាននៅតែ តំបន់ដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច។
ទាក់ទងនឹងការព្រួយបារម្ភនៃការធ្លាក់ចុះនេះ កញ្ញា នី ណៃគី អ្នកសម្របសម្រួលគម្រោងអភិរក្សសត្វត្មាតនៅកម្ពុជា បានសំណូមពរយ៉ាងទទូច សូមឲ្យប្រជាពលរដ្ឋចូលរួមអភិរក្សនិងបញ្ឈប់រាល់ការទិញឬបរិភោគសាច់សត្វព្រៃ។កញ្ញាបន្តថា ការបរិភោគសាច់សត្វព្រៃដែលមានផ្ទុកសារធាតុពុល វាអាចមានផលប៉ះពាល់ខ្លាំងដល់សុខភាពទៀតផង។
គួរបញ្ជាក់ផងដែរថា ត្មាតគឺជាសត្វដ៏ សំខាន់ និងដើរតួនាទីក្នុងការសំអាតបរិស្ថាន គ្រប់គ្រងការរីករាលដាលនៃជំងឺ និងមេរោគ ។សត្វត្មាតនៅក្នុងប្រទេសកម្ពុជាមានចំនួន៣ប្រភេទ រួមមាន ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ពួកត្មាតទាំងនេះបានស្ថិតនៅក្នុងបញ្ជីក្រហមរបស់ អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក៕
ប្រភព៖ វិទ្យុបារាំងអន្តរជាតិ