ឯកឧត្តមឃុត ចាន់ដារ៉ា បានបញ្ជាក់ជំហរម៉ឺងម៉ាត់របស់កម្ពុជាក្នុងសន្និសីទសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុនៅអាល្លឺម៉ង់
ថ្ងៃ សៅរ៍, 18 វិច្ឆិកា, 2017ទីក្រុងបោន-អាល្លឺម៉ង់៖ ឯកឧត្តម ឃុត ចាន់ដារ៉ា តំណាងវិស័យបរិស្ថានកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ២០១៧នេះ បានដឹកនាំគណៈប្រតិភូវិស័យបរិស្ថានចូលរួមក្នុងសន្និសីទសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៣ (COP២៣) ដែលបានចាប់ផ្តើមពីថ្ងៃទី៦ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងបោន សាធារណៈរដ្ឋអាល្លឺម៉ង់។
ឯកឧត្តម ឃុត ចាន់ដារ៉ា បានថ្លែងបញ្ជាក់អំពីជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុតាមរយៈការផ្តល់សច្ចប័នដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងបានដាក់ជូននូវផែនការជាតិរួមចំណែកអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (NDC) ហើយទន្ទឹមនឹងនេះ កម្ពុជាក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ផ្តល់នូវការគាំទ្រដល់រាជរដ្ឋាភិបាលដើម្បីសម្រេចទិសដៅផែនការរបស់ខ្លួនដែលនឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យបាន ២៧ ភាគរយត្រឹមឆ្នាំ ២០៣០ នឹងសន្យាបង្កើនចំនួនព្រៃឈើនៅក្នុងប្រទេសឲ្យបានចន្លោះពី ៤៧ ទៅ ៦០ ភាគរយ។
សូមបញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងរបៀបវារៈនៃការអភិវឌ្ឍ សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចដែលបញ្ចេញកាបូនទាប ព្រមទាំងធន់នឹងអាកាសធាតុ ធានាការអភិវឌ្ឍដោយចីរភាព ដោយផ្តោតលើ ការធានាសន្តិសុខថាមពល ទឹក និងស្បៀងអាហារ ការកែលំអសុខភាព ការកសាងសមត្ថភាព ការផ្ទេរបច្ចេកវិទ្យា ការទទួលបាននូវធនធានហិរញ្ញវត្ថុ និងការកាត់បន្ថយភាពក្រីក្រ ដោយជាមួយគ្នានោះ រួមចំណែកជាមួយសហគមន៍អន្តរជាតិក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ វិធានការសំខាន់ៗ៖ (១) ការកសាងសមត្ថភាពស្ថាប័ន (២) ការ រៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (៣) ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ ទៅក្នុងផែនការអភិវឌ្ឍន៍ (៤) ការកៀរគរធនធាន (៥) ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល (៦) ការអភិរក្សព្រៃឈើ (៧) ការអនុវត្តគម្រោងនានាសំដៅកសាងភាពធន់របស់សហគមន៍ និងរបរចិញ្ចឹមជីវិតដែលមាននិរន្តរភាព។
ដោយឡែកលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានគូសបញ្ជាក់ដល់សមាជិកទាំងអស់ពី ទឹកជំនន់ ខ្យល់ព្យុះ និងអគ្គីភ័យ បានកើតឡើងញឹកញាប់ និងកាន់តែសាហាវដែលកំពុងវាយប្រហារពិភពលោក៕