«ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ ដែលអាចកាត់បន្ថយ ផលិតផលក្នុងស្រុកសរុប ប្រមាណ ៩,៨% នៅឆ្នាំ ២០៥០។ សេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យ ដែលងាយរងគ្រោះ ដោយការប្រែប្រួលអាកាសធាតុ ដូចជាកសិកម្ម នេសាទ ទេសចរណ៍ និងផ្នែកផលិតកម្ម។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងវេទិកា «កិច្ចសន្ទនាពហុភាគីពាក់ព័ន្ធរបស់សភា ស្តីពីប្រព័ន្ធស្បៀងអាហារដែលធន់នឹងអាកាសធាតុ និងការវិនិយោគកសិកម្មប្រកបដោយការទទួល ខុសត្រូវ៖ ជំរុញរបៀបវារៈ ASEAN RAI ដែលរៀបចំដោយ អន្តរសភាអាស៊ាន (AIPA) ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភាជាតិ រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា សន្តិភាព ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកសាងនាពេលកន្លងមក គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបជាសកល ប្រកបដោយប្រសិទ្ធភាព ចំពោះការប្រែប្រួលអាកាសធាតុ។ សព្វថ្ងៃនេះ ក្រោមការដឹកនាំ ដ៏មានចក្ខុវិស័យច្បាស់លាស់ របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនោះ ឯកកឧត្តម បានថ្លែងផងដែរថា ក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ប្រទេសកម្ពុជាបាន ដាក់ជូនជាផ្លូវការ នូវការចូលរួមចំណែកជាតិ លើកទីបីរបស់ខ្លួន (NDC 3.0) ទៅកាន់អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ក្នុងឆ្នាំ ២០២៥។ NDC នេះបង្កើនមហិច្ឆតារបស់កម្ពុជា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅក្នុងវិស័យសំខាន់ៗ ចំនួន៥ រួមមាន ថាមពល ឧស្សាហកម្ម និងការប្រើប្រាស់ផលិតផល (IPPU) កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដីធ្លីផ្សេងទៀត (FOLU) និងសំណល់ រហូតដល់ ៥៥% នៅឆ្នាំ ២០៣៥។ ក្រៅពីនេះ កម្ពុជាបានអនុម័តផែនការយុទ្ធសាស្ត្រ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤ – ២០៣៣ (CCCSP) ដែលមានគោលបំណង អភិវឌ្ឍប្រទេសឆ្ពោះទៅរកកាបញ្ចេញកាបូនទាប ធន់នឹងការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។

ឯកឧត្តមបានមានប្រសាសន៍ផងដែរថា ប្រទេសកម្ពុជា និងតំបន់អាស៊ាន មានការតភ្ជាប់ដ៏សំខាន់ ជាពិសេស មនុស្សរាប់លាននាក់ ពឹងផ្អែកដោយផ្ទាល់ ឬដោយប្រយោលលើវិស័យកសិកម្ម និងធនធានធម្មជាតិ សម្រាប់ជីវភាពរស់នៅ។ វិស័យកសិកម្ម បានទទួលរងគ្រោះខ្លាំង ដោយការប្រែប្រួលអាកាសធាតុ ដែលគំរាមកំហែងដល់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជន។ ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហាររបស់យើង និងការធ្វើកសិកម្មដែលធន់នឹងអាកាសធាតុ តម្រូវឱ្យមានការវិនិយោគបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាល ពីវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការកៀរគរហិរញ្ញវត្ថុ បច្ចេកវិទ្យា នវានុវត្តន៍ និងឱកាសទីផ្សារ ជាដើម។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងសង្កត់ធ្ងន់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ដៃគូអភិវឌ្ឍន៍ អ្នកវិនិយោគ កសិករ និងវិស័យឯកជន ដើម្បីជំរុញរបៀបវារៈនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំពាវនាវ ដល់សមាជិកសភាអាស៊ាន (AIPA) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ឱ្យរួមគ្នាបង្កើនការកៀរគរធនធាន និងពង្រឹងច្បាប់ ឬគោលនយោបាយគាំទ្រដល់ការវិនិយោគបៃតង ដែលជាកាតាលីករដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល សម្រេចបាននូវគោលដៅអព្យាក្រឹតកាបូន រួមគ្នាតាមការគ្រោងទុក៕

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី