ការបញ្ជ្រាបជីវសុវត្ថិភាពទៅក្នុងវិស័យពាក់ព័ន្ធ ដោយផ្ដោតលើពិធីសារកាតាហ្សេណា ស្តីពីជីវសុវត្ថិភាព និងពិធីសារបន្ថែមណាហ្គូយ៉ា-កូឡាឡាំពួរស្តីពីការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាត
ថ្ងៃ សុក្រ, 31 សីហា, 2018នៅព្រឹកថ្ងៃព្រហស្បតិ៍្ត ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចូលរួមជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការបញ្ជ្រាបជីវសុវត្ថិភាពទៅក្នុងវិស័យពាក់ព័ន្ធ ដោយផ្ដោតលើពិធីសារកាតាហ្សេណា ស្តីពីជីវសុវត្ថិភាព និងពិធីសារបន្ថែមណាហ្គូយ៉ា-កូឡាឡាំពួរស្តីពីការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាត” នៅរាជធានីភ្នំពេញ។
ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការ ក.ជ.អ.ច. បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះនៅឆ្នាំ ១៩៩៥ ពិធីសារកាតាហ្សេណាស្តីពីជីវសុវត្ថិភាព នៅឆ្នាំ ២០០០ និងពិធីសារបន្ថែមស្តីពីការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាត ឆ្នាំ២០១៣។ អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះយកចិត្តទុកដាក់ជាពិសេសលើការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃបំណែកនៃជីវៈចម្រុះ និងការបែងចែកប្រកបដោយយុត្តិធម៌ និងសមធម៌នូវផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុនោះ ពិធីសារកាតាហ្សេណាស្តីពីជីវសុវត្ថិភាព និងពិធីសារបន្ថែមស្តីពីការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាតមានគោលបំណងធានាដល់កម្រិតសមស្របក្នុងការផ្លាស់ប្តូរ ទុកដាក់ និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនូវសារពាង្គកាយកែច្នៃរស់ពីបច្ចេកវិទ្យាជីវសាស្ត្រទំនើប ដែលអាចមានផលប៉ះពាល់អវិជ្ជមានដល់ការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះប្រកបដោយចីរភាព ដោយយកចិត្តទុកដាក់ផងដែរលើហានិភ័យចំពោះសុខភាពមនុស្ស បរិស្ថាន និងជាពិសេសលើចលនាឆ្លងកាត់ព្រំដែនប្រទេស។
ឯកឧត្ដម ទិន ពន្លក បន្តទៀតថា ជាការឆ្លើយតបទៅនឹងហានិភ័យដែលអាចកើតមាន រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការបង្ការ និងទប់ស្កាត់បញ្ហាប្រឈមពីការប្រើប្រាស់ និងការបញ្ចេញសារពាង្គកាយកែច្នៃរស់ទៅក្នុងបរិស្ថានធម្មជាតិ ទាំងដោយចេតនា និងអចេតនា ដោយបានអនុម័តច្បាប់ស្តីពីជីវសុវត្ថិភាព អនុក្រឹត្យស្តីពីយន្តការ និងនីតិវិធីអនុវត្តច្បាប់ស្តីពីជីវសុវត្ថិភាព ក្របខណ្ឌជីវសុវត្ថិភាពជាតិ និងផែនការសកម្មភាពជាតិស្តីពីជីសុវត្ថិភាព និងជីវបច្ចេកវិទ្យាទំនើប។ ក្រៅពីនេះ រាជរដ្ឋាភិបាលបាន និងកំពុងជំរុញឲ្យមានការបញ្ជ្រាបជីវសុវត្ថិភាព ជាពិសេសការទទួលខុសត្រូវផ្នែកច្បាប់ និងសំណងការខូចខាតបណ្តាលមកពីសារពាង្គកាយកែច្នៃរស់ទៅក្នុងបរិស្ថានធម្មជាតិទៅក្នុងវិស័យពាក់ព័ន្ធ ដូចជាវិស័យកសិកម្ម ធនធានទឹក ទេសចរណ៍ អប់រំឧស្សាហកម្ម ជាដើម។
សូមបញ្ជាក់ថា កិច្ចពិភាក្សានាពេលនេះប្រមូលធាតុចូលផ្សេងៗ ពីអ្នកចូលរួមពាក់ព័ន្ធ ដើម្បីអនុវត្តការងារជីវសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ៕