របាយការណ៍ស្រាវជ្រាវថ្មីចំនួន២ ដែលមានឈ្មោះថា «ដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា» និង « ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា (DREI)»
ថ្ងៃ សុក្រ, 4 តុលា, 2019របាយការណ៍ស្រាវជ្រាវថ្មីចំនួន២ ដែលមានឈ្មោះថា «ដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា» និង « ការកាត់បន្ថយហានិភ័យវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា (DREI)» ត្រូវបានប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាតំណាងក្រសួងពាក់ព័ន្ធនានា។ វិធានការគោលនយោបាយសាធារណៈទាំងនេះ អាចកាត់បន្ថយហានិភ័យ និងជួយសម្រួលនូវបរិយាកាសអំណោយផលសម្រាប់វិនិយោគិនវិស័យឯកជន ដែលមានបំណងវិនិយោគលើវិធានការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងលើគម្រោងថាមពលពន្លឺព្រះអាទិត្យ។
ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាល ស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជនផងដែរ។ របាយការណ៍ទាំង ២ នេះ បានរៀបចំដោយអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលបានសហការយ៉ាងជិតស្និទជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល និងដៃគូអភិវឌ្ឍន៍នានាជាពិសេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ស្ថានទូតស៊ុយអែត និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA)។