«បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយទាមទារចាំបាច់នូវការចូលរួមរបស់យើងទាំងអស់គ្នាក្នុងការថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនយើងឱ្យបានល្អស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាព សម្រាប់ការរស់នៅរស់យើង។ សង្គមកម្ពុជាមាន បរិស្ថានស្អាត និងមានភពបៃតងគឺកើតចេញពីពលរដ្ឋកម្ពុជាម្នាក់ៗចូលរួមក្នុងសកម្មភពបរិស្ថាន មានមេត្រីភាពបរិស្ថានប្រកបដោយ ការទទួលខុសត្រូវ និងដោយស្មារតីស្រឡាញ់បរិស្ថានខ្ពស់»
ថ្ងៃ អាទិត្យ, 6 តុលា, 2019«បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយទាមទារចាំបាច់នូវការចូលរួមរបស់យើងទាំងអស់គ្នាក្នុងការថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនយើងឱ្យបានល្អស្អាត បង្កើតបរិយាកាសល្អ និងមានផាសុកភាព សម្រាប់ការរស់នៅរស់យើង។ សង្គមកម្ពុជាមាន បរិស្ថានស្អាត និងមានភពបៃតងគឺកើតចេញពីពលរដ្ឋកម្ពុជាម្នាក់ៗចូលរួមក្នុងសកម្មភពបរិស្ថាន មានមេត្រីភាពបរិស្ថានប្រកបដោយ ការទទួលខុសត្រូវ និងដោយស្មារតីស្រឡាញ់បរិស្ថានខ្ពស់»។ នេះជាការគូស បញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នេះ នៅក្នុងឱកាសឯកឧត្តមចូលរួមជាអធិបតីបើកសិក្ខាសាលា «ដំណោះស្រាយបញ្ហាបរិស្ថានក្នុងនាមអ្នកជាយុវជន» រៀបចំឡើងដោយគម្រោងក្រៀលកម្ពុជាដោយមានការចូលរួមពីយុវជនជិត ៤០០នាក់ នៅសាលប្រជុំនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងរាជធានីភ្នំពេញ។ សិក្ខាសាលានេះរៀបចំធ្វើឡើងដើម្បីតម្រង់ទិសយុវជនស្ម័គ្រសម្រាប់ត្រៀមចូល រួមសម្អាតអនាម័យបរិស្ថាននៅលើទីតាំងនៃការប្រារព្ធ ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនៅថ្ងៃទី១០ ដល់១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងកោតសរសើរចំពោះយុវជនយុវនារីជាសិស្ស និស្សិត រួមនឹងព្រះសង្ឃផងដែរដែលបានចូលរួមស្ម័គ្រជាមួយគម្រោងក្រៀលកម្ពុជាដើម្បីចូលរួមក្នុងការសម្អាតអនាម័យបរិស្ថាន ក៏ដូចជាការធ្វើសកម្មភាពអប់រំ និងបញ្ជ្រាបចំណេះដឹងអំពីបរិស្ថានដល់សាធារណ ជនអំឡុងពេលពិធីបុណ្យអុំទូកខាងមុខ។ តាមផែនការអ្នកស្ម័គ្រចិត្ត ១០០០ នាក់គ្រោងនឹងចូលរួមក្នុងសកម្មភាពបរិស្ថាននេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថាក្នុងនាមក្រសួងបរិស្ថាន សូមវាយតម្លៃខ្ពស់ចំពោះយុវជនទាំងអស់ដែលចូលរួមក្នុងការងារស្ម័គ្រចិត្តនេះ ដោយមានប្រសាសន៍ថា៖ «យុវជនដែលជាកម្លាំងស្នូលរបស់ប្រទេសជាតិមិនត្រឹមតែពោពេញដោយ ចំណេះដឹង មានវិជ្ជាជីវៈ សីលធម៌ និងការទទួលខុសត្រូវនោះទេ គឺត្រូវមានប្រតិបត្តិមេត្រីភាពបរិស្ថានដោយចូលរួមក្នុងការសម្អាតអនាម័យបរិស្ថាន ការវេចខ្ចប់សំណល់សំរាមឱ្យបានត្រឹមត្រូវ ចូលរួមបង្កើនភាព បៃតងដោយដាំដើមឈើនិងរុក្ខជាតិផ្សេងៗ ចូលរួមអភិរក្សជីវៈចម្រុះ សន្សំសំចៃការប្រើប្រាស់ទឹក និងចរន្តអគ្គិសនី ព្រមទាំងរស់នៅប្រកបដោយមេត្រីភាពបរិស្ថាន។ ការចូលរួមក្នុងកិច្ចការសង្គមនានាដូចជាការចូលរួមសម្អាតអនាម័យបរិស្ថានក៏ជាផ្នែកមួយសំខាន់ដើម្បីពង្រឹងតួនាទីជាពលរដ្ឋល្អរបស់ប្រទេសជាតិផងដែរ»។
រដ្ឋលេខាធិការក្រសួងរិស្ថានរូបនេះបានថ្លែងថា ដោយឈរលើមូលដ្ឋានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ កំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ក៏ដូចជាមូលដ្ឋានគ្រឹះនៃគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា និងមតិដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានកំណត់យកការកែទម្រង់ស៊ីជម្រៅ ការកសាងសមត្ថភាពស្ថាប័ននិងធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាអាទិភាពខ្ពស់ ស្របទៅតាមទស្សនាទាននៃ «រដ្ឋបាលទំនើប» សំដៅលើប្រព័ន្ធការងារមួយ ដែលដំណើរការងារដោយបែបបទនីតិវិធីប្រកប ដោយប្រសិទ្ធភាព និងធនធាន មនុស្សប្រកបដោយគុណភាព ដែលក្នុងនោះទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់យល់ច្បាស់អំពីបេសកកម្ម ចក្ខុវិស័យ គោលបំណងរបស់ស្ថាប័ន អង្គភាពគ្រប់ជាន់ថ្នាក់ ហើយបំពេញតួនាទី ភារកិច្ច កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនម្នាក់ៗ ប្រកបដោយការភ្ញាក់រលឹក មនសិការវិជ្ជាជីវៈ ការច្នៃប្រឌិត ដោយតម្កល់ខ្ពស់នូវបំណងប្រាថ្នាដ៏ពិសិដ្ឋនិងឧត្តមប្រយោជន៍នៃប្រជាជន និងជាតិមាតុភូមិ ពោលគឺធានាបាននូវកិច្ច គាំពារបរិស្ថាន ការអភិរក្ស ជីវចម្រុះ និងការរស់នៅ ប្រកបដោយចីរភាព។
ឯកឧត្តមបានថ្លែងថា ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមនុស្ស ជាពិសេស យុវជន និងកុមារ តាមរយៈការអប់រំផ្សព្វផ្សាយ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ ជាពិសេសបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ក្នុងវិស័យបរិស្ថាន ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការ លើកកម្ពស់ការយល់ដឹង សំដៅប្រែក្លាយចំណេះដឹង ទៅជាការប្រតិបត្តិបរិស្ថានល្អ ដូចដែលបានគូសបង្ហាញនៅក្នុងគោលបំណងជាយុទ្ធសាស្ត្រទី៤ នៃយុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិ២០១៦ – ២០២៣ ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ជួយដល់ក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើសមាហរណកម្មបញ្ហាបរិស្ថានទៅក្នុងគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងផែនការវិនិយោគទៅតាមសមត្ថកិច្ចរៀងៗខ្លួន ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រង និងអភិបាលកិច្ចក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖«គោគោលបំណងដ៏សំខាន់របស់យើងគឺការក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាងជាតិទំនើបមួយដ៏រស់រវើក ក្នុងសេចក្តីប៉ងប្រាថ្នា ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ រឹងមាំ ពលរដ្ឋមានសមត្ថភាព និងបរិស្ថានរស់នៅល្អប្រសើរ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិ ឱ្យបានសមស្របនិងមាននិរន្តរភាព និងការរស់នៅដោយចីរភាព សម្រាប់ជាឧត្តមប្រយោន៍យូរអង្វែង របស់ ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅចំពោះមុខយុវជនស្ម័គ្រចិត្តជិត ៤០០នាក់ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានជំរុញ ឱ្យយុវជនទាំងនោះខិតខំបំពេញការងារ និងសូមកុំធ្វើសកម្មភាពសម្អាតអនាម័យបរិស្ថាន ឬប្រតិបត្តិមេត្រីភាពបរិស្ថានតែមួយរយៈពេលខ្លី ប៉ុន្តែត្រូវប្រតិបត្តិមេត្រីភាពបរិស្ថានជារៀងរាល់ថ្ងៃ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីបរិស្ថានស្អាត និងការពារភពផែនដីរបស់ យើង។ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍លើកទឹកចិត្តដល់យុវជនស្ម័គ្រចិត្តទាំងអស់ត្រូវមានមោទនភាពចំពោះសកម្មភាពស្រឡាញ់ បរិស្ថាន និងខ្វល់ខ្វាយពីបរិស្ថានរបស់ខ្លួន និងសូមកុំរួញរា ឬបាក់ទឹកចិត្តនៅពេលបំណងប្រាថ្នារបស់ខ្លួនមិនទាន់បានសម្រេចព្រោះការអប់រំ និងកែប្រែឥរិយាបថ និងបណ្តុះស្មារតីមនុស្សឱ្យស្រឡាញ់បរិស្ថានគឺត្រូវការពេលវេលា និងទាមទារនូវភពអំណត់ តស៊ូ ព្យាយាម និងអត់ធ្មត់ខ្ពស់បំផុត។