កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធាន និងនីតិវិធីចូលរួមក្នុងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់
ថ្ងៃ ចន្ទ, 24 កុម្ភៈ, 2020នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) នៃក្រសួងបរិស្ថាន នៅរសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីវិធាន និងនីតិវិធីចូលរួមក្នុងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. និងមានការចូលរួមមកពីតំណាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន វិស័យឯកជន តំណាងអង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ជាច្រើននាក់។
វេទិកានេះប្រព្រឹត្តទៅ ក្នុងគោលបំណង ដើម្បីប្រមូលនូវមតិយោបល់ និងធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យនេះ ពីគ្រប់ភាគីពាក់ព័ន្ធមុនដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យ និងសម្រេច។
ក្នុងឱកាសនោះ ឯកឧត្តម ទិន ពន្លក បានឱ្យដឹងថាការរៀបចំអនុក្រឹត្យនេះគឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រងគម្រោងនិងកម្មវិធីទាក់ទងនឹងការអនុវត្តគម្រោង ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា និងដើម្បីសម្រួលដល់ការលក់ឥណទានកាបូនដល់ភាគីពាក់ព័ន្ធ។ តាមរយៈកិច្ចប្រជុំនេះ អ្នកចូលរួមបានចូលរួមបានផ្តល់ធាតុចូលនិងមតិយោបល់គាំទ្រនូវគំនិតផ្តួចផ្តើមនេះ និង បន្តពិភាក្សាលំអិតជាបន្តបន្ទាប់ទៀត ទាក់ទងនឹងការយកពន្ធលើឥណទានការបូន។