ពិធីបើកសិក្ខាសាលាស្ដីពីការបូកសរុបលទ្ធផលត្រួតពិនិត្យវាយតម្លៃលើការអនុវត្តមុខងារ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិលើវិស័យបរិស្ថាន
ថ្ងៃ អង្គារ, 29 វិច្ឆិកា, 2016នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានចូលរួមក្នុងពិធីបើកសិក្ខាសាលាស្ដីពីការបូកសរុបលទ្ធផលត្រួតពិនិត្យវាយតម្លៃលើការអនុវត្តមុខងារ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖ ១-ការប្រគល់មុខងារគ្រប់គ្រងសំរាម និងសំណល់រឹងដល់ទីប្រជុំជនក្រុង ២-ការធ្វើប្រតិភូកម្មមុខងារការគ្រប់គ្រងតំបន់ការពារធម្មជាតិជូនទៅក្រុង ស្រុក ៣-ការធ្វើប្រតិភូកម្មមុខងារការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិជូនទៅឃុំសង្កាត់ ៤-ការធ្វើប្រតិភូកម្មមុខងារការបញ្ជ្រាបភាពធន់នឹងអាកាសធាតុជូនទៅក្រុង ស្រុក និង ៥-ការធ្វើប្រតិភូកម្មមុខងារការពង្រឹងការងារអប់រំបរិស្ថានជូនរដ្ឋបាលរាជធានី ខេត្ត។ អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលបានគាំទ្រនិងជំរុញឱ្យដំណើរការនៃការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបានជោគជ័យជាបន្តបន្ទាប់។ ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កំណែទម្រង់ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ គឺជាអាយុជីវិតរបស់ក្រសួងបរិស្ថាន ដែលចាំបាច់ត្រូវអនុវត្តឱ្យបានជោគជ័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងវឌ្ឍនភាពសង្គម បញ្ហាប្រឈមចំពោះមុខ ឆន្ទៈប្រជាពលរដ្ឋ និងរបត់នយោបាយរបស់កម្ពុជា។ ភាពជោគជ័យនិងប្រសិទ្ធភាពនៃការអនុវត្តមុខងារ ដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិគឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា គំនិតច្នៃប្រឌិត ភាពម្ចាស់ការលើខ្លួនឯង និងកិច្ចសហការក្នុងការអនុវត្តមុខងារជារួម៕