កិច្ចពិភាក្សា ទាក់ទងនឹងការត្រៀមរៀបចំសន្និសីទកំពូលលើកទី២៦ ក្រោមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(COP26) ឆ្នាំ២០២០ ដែលប្រទេសអង់គ្លេសធ្វើជាម្ចាស់ផ្
ថ្ងៃ ពុធ, 4 មិនា, 2020កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំក្រុមការងាររួមមាន ឯកឧត្តមអគ្គលេខាធិការរង តំណាងនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងនាយកដ្ឋានរដ្ឋបាល ផែនការនិងថវិកា ដើម្បីពិភាក្សាការងារជាមួយ លោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ទាក់ទងនឹងការត្រៀមរៀបចំសន្និសីទកំពូលលើកទី២៦ ក្រោមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(COP26) ឆ្នាំ២០២០ ដែលប្រទេសអង់គ្លេសធ្វើជាម្ចាស់ផ្ទះ។ លោកជំទាវឯកអគ្គរាជទូត បានលើកឡើងអំពីជំហររបស់ប្រទេសអង់គ្លេសក្នុងការអនុវត្តការប្តេជ្ញាចិត្តក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ (គោលដៅមិនបញ្ចេញឧស្ម័ន GHG ក្នុងរយៈពេលវែង-Net Zero Emission Target) ក្នុងរបាយការណ៍ NDC។ វិស័យមួយចំនួនដែលអង់គ្លេសគាំទ្ររួមមាន ការអភិវឌ្ឍបៃតង ការបន្ស៊ាំនិងកសាងភាពធន់ ហិរញ្ញប្បទានបៃតង ថាមពលកកើតឡើងវិញ ការបង្កើតថាមពលពីសំណល់ និងដំណោះស្រាយផ្អែកលើធនធានធម្មជាតិ។ល។ ជាការឆ្លើយតប ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកសាងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ភាពជឿជាក់និងការគាំទ្រពីថ្នាក់ដឹកនាំជាន់ខ្ពស់។ ឯកឧត្តមបន្តថា ប្រទេសអង់គ្លេសបានជួយគាំទ្រកម្ពុជាក្នុងកិច្ចការពារបរិស្ថាន(ប្រតិភូកម្ពុជាក៏បានធ្វើទស្សនកិច្ចទៅប្រទេសអង់គ្លេសថ្មីៗនេះដើម្បីស្វែងយល់ពីការគ្រប់គ្រងសំណល់) និងការឆ្លើយតបនឹងប្រែប្រួលអាកាសធាតុ ពិសេសគាំទ្រដល់ការរៀបចំរបាយការណ៍ NDC ដំបូង និងការរៀបចំក្របខណ្ឌត្រួតពិនិត្យតាមដានការអនុវត្តវិធានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ ឯកឧត្តមក៏បានលើកឡើងពីសាររបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនិងជារដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងការស្នើអង់គ្លេសឱ្យពិចារណាអំពីការទិញកាបូនពីកម្ពុជាក្នុងតម្លៃសមរម្យ និងគាំទ្រឧស្សាហកម្មឈើដែលមាននិរន្តរភាព ដើម្បីចូលរួមបង្កើតការងារនិងការពារបរិស្ថាន។
ជាមួយគ្នានោះដែរ ឯកឧត្តម ស៊ុំធី អគ្គលេខាធិការរង និងជាប្រធានក្រុមការងាររងអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ បានលើកឡើងពីតួនាទីរបស់ប្រធាន និងវឌ្ឍនភាពផែនការសកម្មភាពការងាររយៈពេលបីឆ្នាំ (២០២០-២០២២) និងការសម្របសម្រួលការងារជាមួយប្រទេសវៀតណាម និងប្រទេសថៃ ក្នុងការរៀបចំសេចក្តីព្រាងថ្លែងការរួមពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងផែនការការងាររបស់ក្រុមការងារប្រែប្រួលអាកាសធាតុអាស៊ាន ។ ប្រទេសវៀតណាមនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រៀមនៅចុងខែមេសាខាងមុខ ដើម្បីរៀបចំសេចក្តីព្រាងសេចក្តីថ្លែងការរួមសម្រាប់សន្និសីទកំពូលលើកទី២៦ និងផែនការការងាររបស់ក្រុមការងារប្រែប្រួលអាកាសធាតុអាស៊ាន ហើយប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំផ្លូវការនៅក្នុងខែមិថុនា ឬកក្កដា ឆ្នាំ២០២០ ដើម្បីពិនិត្យបញ្ចប់លើសេចក្តីព្រាងថ្លែងការរួមអាស៊ាននេះផងដែរ៕