ភាពសម្បូរបែបនៃជីវៈចម្រុះនៅកម្ពុជា
ថ្ងៃ អង្គារ, 2 មិថុនា, 2020កម្ពុជា ថ្វីត្បិតជាប្រទេសមានផ្ទៃដីតូចក៏ពិតមែន តែជាដែនដីប្រកបដោយសក្តានុពលធនធានជីវៈចម្រុះដ៏សម្បូរបែប។ នេះ ជាកេរ្តិ៍ដំណែលធម្មជាតិ ចំពោះប្រជាជនកម្ពុជាគ្រប់រូប។
យើងពិតជាមានសំណាងយ៉ាងក្រៃលែង ដោយបានរស់នៅក្នុងប្រទេសពោរពេញដោយធនធានធម្មជាតិដ៏ច្រើនឥតគណនា នៅតាមតំបន់ភូមិសាស្រ្តផ្សេងៗគ្នាជាច្រើន។ នៅភាគខាងជើង និងឦសាននៃប្រទេស មានប្រភេទព្រៃល្បោះ និងព្រៃស្រោងកំពុងគ្របដណ្តប់ នៅភាគនិរតី មាននូវព្រៃរងទឹកភ្លៀងនៃតំបន់ជួរភ្នំក្រវ៉ាញ និងនៅភាគកណ្តាល មានប្រព័ន្ធផ្លូវទឹកដ៏ធំធេងនៃបឹងទន្លេសាប និងទន្លេមេគង្គ។ តំបន់ភូមិសាស្ត្រនីមួយៗ បង្កើតបាននូវភាពសម្បូរបែបនៃធនធានជីវៈចម្រុះ ដែលក្នុងនោះ គេឃើញមានរុក្ខជាតិចម្រុះតូចធំប្រមាណ ២៣០០ប្រភេទ(USAID, August 23, 2019) និងប្រភេទសត្វដូចជា ថនិកសត្វ ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ ត្រី ៨៧៤ប្រភេទ និងថលជលិក ៦៣ប្រភេទ (របាយការណ៍ជាតិលើកទី៤ ស្តីពីជីវៈចម្រុះ)។
ក្នុងចំណោមរុក្ខជាតិ-សត្វទាំងនោះ មួយចំនួនស្ថិតក្នុងប្រភេទមានដោយកម្រ និងប្រភេទជិតផុតពូជជាដើម ដែលមិនមាននៅតំបន់ណាផ្សេងក្រៅពីប្រទេសកម្ពុជានោះឡើយ។ ហេតុដូចនេះ សូមចូលរួមអភិរក្សជីវៈចម្រុះ ដើម្បីយើងទាំងអស់គ្នា។