ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការទន្ទ្រានកាន់កាប់ដីរដ្ឋគឺជាទង្វើខុសច្បាប់ និងជាការលួចទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា
ថ្ងៃ អង្គារ, 30 មិថុនា, 2020«ការទន្ទ្រានកាន់កាប់ដីរដ្ឋគឺជាទង្វើខុសច្បាប់ និងជាការលួចទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា»។ នេះគឺជាគូសបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ នេះនៅសាលាខេត្តរតនគិរីក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តរតនគិរីដោយមានការអញ្ជើញចូលរួមពីសមាជិកនៃគណៈកម្មាធិការទី៣ នៃព្រឹទ្ធសភា និងរដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តរតនគិរី និងអាជ្ញាធរពាក់ព័ន្ធរួមមានអភិបាលក្រុងស្រុកនិងមេឃុំ ចៅសង្កាត់ក្រោមចំណុះរដ្ឋបាលខេត្តរតនគិរីជាច្រើនរូប។ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានព្រមានថា៖ «អាជ្ញាធរមូលដ្ឋានដែលមានតួនាទីចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ មិនត្រូវបើកដៃឱ្យមានការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ហើយស្នើសុំកាត់ឆ្វៀលដីរំលោភទន្ទ្រានទាំងនោះឱ្យក្រុមជនខិលខូចឡើយ នេះជាទង្វើខុសច្បាប់ ហើយចាំបាច់ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ដោយគ្មានការលើកលែងឡើយ»។
ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា នៅខេត្តរតនគិរី មានការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់កើតមានឡើងនៅក្នុងតំបន់ការពារធម្មជាតិ ហើយមានការជាប់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋានខ្លះដូចជាមេភូមិមេឃុំជាដើម ដែលនៅបន្តបំពានច្បាប់ចុះហត្ថលេខាលើលិខិតទិញនិងលក់ដី និងការចុះហត្ថលេខាបញ្ជាក់ពីការកាន់កាប់ដី ដោយខុសច្បាប់ ទោះបីជាមានការផ្សព្វផ្សាយ អប់រំណែនាំជាច្រើនលើកច្រើនសារួចមកហើយពីសំណាក់ មន្ត្រីជំនាញយ៉ាងណាក៏ដោយ។ ការណ៍នេះ ចាំបាច់ត្រូវតែអនុវត្តវិធានការច្បាប់តឹងរឹងប្រឆាំងនឹងការរំលោភ បំពាននេះ។ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ជនដែលរំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋតែងតែត្រូវបានប្រឈមមុខច្បាប់ ហើយបានសង្កត់ធ្ងន់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថានពិតជាសប្បាយរីករាយក្រៃលែងនៅពេលឃើញប្រជាពលរដ្ឋមានជីវភាពធូរធារ ប៉ុន្តែត្រូវធ្វើយ៉ាងណាស្របតាមច្បាប់»។
សូមបញ្ជាក់ថា ខេត្តរតនគិរីមានតំបន់ការពារធម្មជាតិចំនួន ៦ ដែលមានផ្ទៃដី ៨៩៣ ៥៩៤ ហិកតាក្នុងនោះមានដូចជាឧទ្យានជាតិវីរៈជ័យ ឧទ្យានជាតិអូយ៉ាដាវ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃសៀមប៉ាងវើនសៃ។ ជាមួយគ្នានេះ មានការរៀបចំសហគមន៍តំបន់ការពារធម្មជាតិចំនួន ១០ ដែលមានផ្ទៃដី ២៦ ៣៣៨ ហិកតា ហើយបច្ចុប្បន្ននេះក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តបាននិងកំពុងពង្រឹងបន្ថែមតួនាទីរបស់សហគមន៍ក្នុងការចូលរួមការពារនិងអភិរក្សប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិជាមួយ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន។ បច្ចុប្បន្ននេះ ខេត្តរតនគិរីមានប្រជាពលរដ្ឋរស់នៅចំនួន ២៦០៥៥៧នាក់ និងមានជនជាតិភាគតិចចំនួន ៦០%នៃចំនួនពលរដ្ឋសរុប ហើយមានជនជាតិភាគតិចចំនួន ៨។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា៖ «រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីតែងតែផ្តល់មតិណែនាំដល់យើងខ្ញុំថាត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីជួយលើកតម្កើងជីវភាពរបស់ប្រជាពលរដ្ឋ។ ដូច្នេះ យើងត្រូវធ្វើការរួមគ្នាដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ»។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រកាសថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋខ្វះដីពិតប្រាកដសូមដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចជាមួយអាជ្ញាធរពាក់ព័ន្ធ ហើយប្រសិនបើមានកំណើនប្រជាជនក្នុងឃុំស្រុក ឬមានបំណងចង់បង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ អាជ្ញាធរអាចលើកជាគម្រោងដើម្បីជជែកពិភាក្សាជាមួយមន្ត្រីជំនាញ។ ឯកឧត្តមបានថ្លែងថាត្រូវញែកឱ្យដាច់រវាងការឆ្វៀលដីភូមិដ្ឋានចាស់ដែលពលរដ្ឋរស់នៅស្របតាមគោលការណ៍ស្បែកខ្លា និងស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។ ឯកឧត្តមបានព្រមានទុកជាមុនថា ករណីស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមមុខច្បាប់»។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ក៏បានផ្តល់ជាគំនិតដល់អាជ្ញាធរក្នុងការគិរគូរជាមួយប្រជាសហគមន៍ បង្កើតជម្រើសមុខរបរថ្មីដូចជាការចិញ្ចឹមសត្វនិងដំណាំកសិកម្មផ្សេងៗក្រៅពីមុខរបរប្រពៃណីដកហូតអនុផលព្រៃឈើ ការទន្ទ្រានដីធ្វើចម្ការពនេចរ ហើយក្រសួងបរិស្ថានត្រៀមខ្លួនជួយទាំងបច្ចេកទេស និងថវិកា។
ចក្ខុវិស័យនិងការចូលរួមលើកកម្ពស់ជីវភាពប្រជាសហគមន៍នេះត្រូវបានចែករំលែកពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីដោយឯកឧត្តមបានថ្លែងថា៖«យើងខ្ញុំមិនចង់ឱ្យប្រជាពលរដ្ឋខេត្តយើងខ្ញុំពឹងអាស្រ័យមុខរបរលើធនធានធម្មជាតិទេ គឺមានមុខរបរផ្សេងក្រៅពីការប្រមូលអនុផលព្រៃឈើ ដើម្បីទុកឱ្យធនធានធម្មជាតិមានការរីកធំធាត់ និងធ្វើឱ្យខេត្តរតនគិរីក៏ដូចជាប្រទេសកម្ពុជាទាំងមូលសម្បូណ៌ដោយធនធានធម្មជាតិដើម្បីផលប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។ ខ្ញុំសូមស្នើសុំឱ្យអាជ្ញាធរភូមិឃុំ រួមនឹងអង្គការសង្គមស៊ីវិលសហការគ្នាឱ្យបានល្អ ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស»។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តរតនគិរីនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបើកវេទិកាសំណួរចម្លើយ ដោយក្នុងនោះអភិបាលនៃគណៈអភិបាលស្រុកក្រុងនៃខេត្តរតនគិរីបានលើកឡើងពីបញ្ហាប្រឈមទាក់ទងនឹងការគ្រប់គ្រងសំណល់សំរាម ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងបញ្ហាមួយចំនួនទៀត៕

















