ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យកន្លែងអភិរក្សសត្វស្លាប នៅទួលព័ន្ធតាឡី ក្នុងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង
ថ្ងៃ សុក្រ, 28 សីហា, 2020ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យទីតាំងអភិរក្ស និងទស្សនាសត្វស្លាបនៅទួលព័ន្ធតាឡី តំបន់បឹងស្នេហ៍ ក្នុងភូមិសាស្រ្តស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយតំណាងរដ្ឋបាលខេត្ត អាជ្ញាធរ និងសហគមន៍មូលដ្ឋាន ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ តំបន់បឹងស្នេហ៍ ដែលមានសក្តានុពលធម្មជាតិ ជាពិសេសសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច និងជាពិសេសប្រភេទ ចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ម៉ឺនក្បាល កំពុងស្នាក់នៅ នៅតាមព្រៃលិចទឹក ព្រៃល្បោះនិងទទួលបានការថែទាំឃ្លាំមើលពីប្រជាសហគមន៍នៅក្នុងមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ដំណោះស្រាយអភិវឌ្ឍន៍តំបន់បឹងស្នេហ៍នេះ ជាកន្លែងទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក៏ដូចជាការប្រើប្រាស់ដោយឈ្លាសវៃ និងនិរន្តរភាពនូវធនធានតំបន់ដីសើមនេះ។
សូមបញ្ចាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងភូមិសាស្រ្តតំបន់ទួលពាន់តាឡី តំណាងអាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានបង្ហាញអំពីវឌ្ឍនភាពនៃការដាក់តំបន់ដីសើមបឹងស្នេហ៍-ទួលព័ន្ធតាឡី និងចូលរួមក្នុងការអភិរក្សជាតំបន់ការពារធម្មជាតិ ។ រហូតមកដល់បច្ចុប្បន្ន សត្វស្លាបដែលមករស់នៅតំបន់ អភិរក្សទួលព័ន្ធតាឡី មានចំនួន៦ប្រភេទ ដូចជា ទុង ននៀលខ្យង កុក ខ្វែក ទាព្រៃ សត្វក្អែកទឹក ក្អែកគោក និងសត្វផ្សេងៗទៀត រាប់ពាន់រាប់ម៉ឺនក្បាល មិនតែប៉ុណ្ណោះនៅក្នុងទឹកនិងដីសើមក៍មានសត្វ ពស់ អណ្ដើក ត្រី និងសត្វរស់នៅក្នុងទឹក ជាច្រើនប្រភេទទៀតផង៕














