សិស្សានុសិស្សមកពីវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ បានទទួលជ័យជំនះ លើសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ហ្មសែត បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ លើប្រធាន «ការគ្រប់គ្រងព្រៃឈើយ៉ាងមានប្រសិទ្ធភាព ជាជម្រើសតែមួយគត់ ដែលអាចកាត់បន្ថយការប្រែប្រួលអាកាសធាតុ»
ថ្ងៃ ចន្ទ, 7 កញ្ញា, 2020ខេត្តព្រះវិហារ ព្រឹកថ្ងៃច័ន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រពីគម្រោង USAID ព្រៃឡង់បៃតង បានបើក វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ វគ្គប្រកួតដំបូង លើប្រធាន «ការគ្រប់គ្រងព្រៃឈើយ៉ាងមានប្រសិទ្ធភាព ជាជម្រើសតែមួយគត់ ដែលអាចកាត់បន្ថយការប្រែប្រួលអាកាសធាតុ» ដែលមានសិស្សានុសិស្សមកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ (ជាក្រុមស្រប) ប្រកួតជាមួយសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ហ្មសែត (ជាក្រុមបដិសេធ)។ វេទិកាជជែកពិភាក្សានេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម សូខន ឫទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងឯកឧត្តម ស៊ូ សិរី អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី លោកស្រី មាស ច័ន្ទធីតា អគ្គនាយិការង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោក គង់ ថូអ៊ីម៉ារិទ្ធ តំណាងមកពីគម្រោងUSAID ព្រៃឡង់បៃតង តំណាងមន្ទីរបរិស្ថានខេត្ត តំណាងមន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប ៥៦នាក់។
លោកស្រី មាស ច័ន្ទធីតា អគ្គនាយិការង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានលើកឡើងថា «ស្របទៅនឹងបរិបទនៃបញ្ហាបរិស្ថានបច្ចុប្បន្ន ក្រសួងបរិស្ថាន បានសហការជាមួយគម្រោង USAID ព្រៃឡង់បៃតង រៀបចំឱ្យមានវេទិកាជជែកពិភាក្សានេះឡើង ក្នុងគោលបំណងបណ្តុះនូវចំណេះដឹង និងទទួលបាននូវបទពិសោធន៍សម្រាប់ជាបំនិនក្នុងជីវិតរបស់សិស្សានុសិស្ស។ ម៉្យាងវិញទៀត បានផ្តល់ឱកាសឱ្យសិស្សានុសិស្ស បញ្ចេញសមត្ថភាព សិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្រ្ត និងចែករំលែកនូវចំណេះដឹងទាំងនោះទៅដល់សាធារណជនទូទៅឱ្យយល់ដឹងអំពីសារៈសំខាន់នៃបរិស្ថានសំដៅចូលរួមផ្លាស់ប្តូរឥរិយាបថក្នុងការចូលរួមក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិប្រកបដោយនីរន្តរភាព»។
ក្នុងឱកាសនោះ ឯកឧត្តម សូខន ឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ប្រទេសកម្ពុជា ក៏ដូចជានៅក្នុងពិភពលោកទាំងមូល កំពុងជួបប្រទះនូវផលវិបាកនៃការប្រែប្រួលអាកាសធាតុ ដែលក្នុងនោះ ការបាត់បង់ព្រៃឈើ ជាកត្តាមួយបានរួមចំណែកក្នុងការធ្វើឱ្យមានការប្រែប្រួលអាកាសធាតុ។» ឯកឧត្តម បានបន្ថែមទៀតថា «ព្រៃឈើ គឺជាកត្តាកំណត់នៃជីវៈចម្រុះ ជាជំរកសត្វព្រៃ ជួយការពារការហូរច្រោះ និងគ្រោះទឹកជំនន់ជាដើម ហើយព្រៃឈើក៏ដើរតួនាទីសំខាន់ក្នុងការជួយទប់កំដៅផែនដីមិនឱ្យកើនឡើង ជួយរក្សាសំណើមក្នុងខ្យល់ ជួយស្រូបយកឧស្ម័នពុល រក្សានូវលំនឹងនៃស្ថានភាពទឹកនៅលើដី និងក្រោមដីផងដែរ។ ដូចនេះ ការការពារ និងអភិក្សព្រៃឈើ មានសារៈសំខាន់ក្នុងការជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ
និងបានរួមចំណែកក្នុងកសាងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងបានអភិវឌ្ឍជីវភាពសហគមន៍តាមរយៈផលចំណេញនៃការលក់កាបូនផងដែរ»។











