មន្ទីរបរិស្ថានរាជធានីភ្នំពេញ ដាំដើមឈើប្រណិត ដើម្បីបង្កើតភាពបៃតង និងជំរុញការស្រលាញ់បរិស្ថាន
ថ្ងៃ ពុធ, 5 កក្កដា, 2017មន្ទីរបរិស្ថានរាជធានីភ្នំពេញនៅឆ្នាំ២០១៧នេះ គ្រោងដាំកូនឈើប្រណិតឱ្យបាន៦ពាន់ដើមនៅតាមទីសាធារណៈជាពិសេសនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈដើម្បីបង្កើតភាពបៃតង និងជំរុញទឹកចិត្តពលរដ្ឋឱ្យស្រលាញ់បរិស្ថាន។ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានឱ្យដឹងថា ការដាំកូនឈើទាំងនេះនឹងជំរុញឱ្យពលរដ្ឋជាពិសេសកុមារៗស្រលាញ់បរិស្ថាន ក៏ដូចជាការបង្កើតភាពបៃតងនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈក្រោមឈ្មោះថា សាលារៀនមេត្រីភាពបៃតង និងវត្តមេត្រីភាពបរិស្ថាន។ មិនត្រឹមតែប៉ុណ្ណោះ វាគឺជាការជំរុញការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
កូនឈើដែលមន្ទីរបរិស្ថានបានចុះដាំ មាន កូនក្រញូង បេង នាងនួន ឈើទាល និងគគីរ ហើយបើតាមគម្រោង កូនឈើ២២០០ដើមនឹងត្រូវប្រគល់ជូនសាលារៀន ហើយ២៣០០ដើមផ្សេងទៀត នឹងត្រូវប្រគល់ជូនវត្តអារាម។ ចំណែកកូនឈើដែលនៅសល់គឺនឹងជូនទៅអាជ្ញាធរខណ្ឌ។ ជាក់ស្តែងនាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡារាជធានី ភ្នំពេញ ដើម្បីដាំកូនឈើប្រណិតរួមមានដើម ( ក្រញូង បេង នាងនួន ឈើទាល គរគី ) សរុបចំនួន ៣០០ដើមនៅសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រៅពីការបង្កើតភាពបៃតងក្នុងរាជធានី គម្រោងនេះ គឺដើម្បីបំផុសសិស្សានុសិស្សនិងពលរដ្ឋទូទៅឲ្យស្រលាញ់ការដាំដុះ ក្នុងន័យជំរុញការផ្សារភ្ជាប់រវាងមនុស្សនិងធម្មជាតិ៕
ដោយ៖ ស៊ុន មេសា