ទឹកធ្លាក់ស្រែអំពិល បង្អួតសម្រស់រង់ចាំការចុះបញ្ជី
ថ្ងៃ ព្រហស្បតិ៍, 6 កក្កដា, 2017កំពង់ឆ្នាំង: ឆ្លងកាត់ព្រៃខ្លុងប្របសងខាងផ្លូវលំប៉ុនខ្លួនរថយន្ដត្បុលទៅរួច ចម្ងាយប្រមាណជិត ១០ គីឡូម៉ែត្រពីច្រកចូលទល់មុខខ្លោងទ្វារវត្ដពោធិ៍វ័នរង្សីព្រះពុទ្ធបានត្រាស់ ស្ថិតក្នុងភូមិក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ទឹកធ្លាក់ស្រែអំពិល ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងខ្ចីនារដូវវស្សា ជារមណីយដ្ឋានក្រៅបញ្ជីដ៏ត្រកាលប្រាថ្នាផ្សព្វផ្សាយខ្លួនឲ្យភ្ញៀវទេសចរបានស្គាល់ទូលំទូលាយ។ ទឹកធ្លាក់មានប្រភពពីជួរភ្នំឱរ៉ាល់ចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីទីរួមខេត្ដ និង ៣០ គីឡូម៉ែត្រពីទីរួមស្រុកទឹកផុសនេះ ស្ថិតនៅពីក្រោយរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងដ៏ល្បីល្បាញប្រចាំខេត្ដពោធិ៍សាត់។
![](https://www.moe.gov.kh/wp-content/uploads/2017/07/MG_4059-300x200.jpg)
ប៉ុន្ដែភ្ញៀវទេសចរមិនអាចធ្វើដំណើរតាមផ្លូវកាត់ឆ្លងរកគ្នាបានឡើយ ដោយសារតែវាបាំងព្រៃភ្នំ។ ចុះពីលើរថយន្ដ ភ្ញៀវអាចធ្វើដំណើរសសៀរពីចំណុចខាងក្រោមនៃទឹកធ្លាក់ទៅកាន់ប្រភពទឹកខាងលើដែលមានចម្ងាយប្រមាណ ២០០ ទៅ ៣០០ ម៉ែត្រ។ ម្យ៉ាងវិញទៀត ភ្ញៀវទេសចរអាចធ្វើដំណើរត្រង់ទៅកាន់ប្រភពទឹកខាងលើ ជាចំណុចចាប់ផ្ដើម រួចដើរចុះតាមខ្សែទឹកត្រឡប់មកក្រោមវិញក៏បាន។ ពីប្រភពទឹកខាងលើ ទឹកស្ទឹងស្រែអំពិលហូរធ្លាក់ក្នុងសភាពទន់ភ្លន់ជ្រែកកាត់ក្រហែងថ្មតូចធំតម្រៀបត្រៀបត្រាលើកម្រាលបាតស្ទឹងហាក់ទុកជាកំណល់កល់ជើងភ្ញៀវឲ្យដើរស្រួល។ ថ្លុកទឹកដ៏ថ្លាឈ្វេងដែលត្រូវបានចរន្ដទឹកហូរឆ្លាស់ផ្លាស់ប្ដូរឥតឈប់ឈរ អំណោយផលការងូតទឹកលេងកម្សាន្ដក្រោមវត្ដមានមច្ឆាហែលត្រសងដោយគ្មានការភ័យខ្លាច។
បើលោកអ្នកយល់ថា ទីតាំងដែលមានទឹកហូរតិចៗនេះមិនគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារ និងមិត្ដភក្ដិដ៏ច្រើនសន្ធឹកទេ សូមកុំទ័លអាលបារម្ភ ដំណាក់ក្រោមៗទៀត ដងស្ទឹងស្រែអំពិលនៅមានកន្លែងហូរធ្លាក់ដោយអន្លើទៀត ដែលខ្លះកម្ពស់កន្លះម៉ែត្ររហូតដល់ជាងមួយម៉ែត្រ និងថ្លុកទឹកជម្រៅត្រឹមចង្កេះ។ ប្របដោយរុក្ខជាតិផ្កាស្គុសស្គាយ ខ្លះចេញផ្លែដ៏ស្រស់ស្អាតនារដូវភ្លៀងដុះលម្អក្បែរៗទឹក ដងស្ទឹងទឹកធ្លាក់ស្រែអំពិលហាក់ដូចជាទីឋានលម្ហែកាយធម្មជាតិថ្មីស្រស់ៗដែលមិនមានការរំខានពីមនុស្សច្រើននោះទេ។ ដោយសារតែខ្វះថវិកាចុះបញ្ជីជាសហគមន៍ផ្លូវការទទួលស្គាល់ពីអាជ្ញាធរខេត្ដកំពង់ឆ្នាំង សហគមន៍ស្រែអំពិលក្រៅបញ្ជីដែលយកនាមជាប្រជាពលរដ្ឋមានភារកិច្ចទូទៅ នាំគ្នាខិតខំទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើសេសសល់ទុកជាសម្បត្ដិធម្មជាតិអមសម្រស់ទឹកធ្លាក់ស្ទឹងស្រែអំពិលដើម្បីទាក់ទាញភ្ញៀវទេសចរ។
លោក សោ ភា ប្រធានសហគមន៍ ស្រែអំពិល ទើបបង្កើតឡើងមួយឆ្នាំ បានឲ្យដឹងថា សហគមន៍នេះរៀបចំគម្រោងការពារអនុផលព្រៃឈើដើម្បីបង្កើតជាអេកូទេសចរណ៍សម្រាប់ជាប្រយោជន៍សហគមន៍ទាំងមូល។ ប៉ុន្ដែគម្រោងអេកូទេសចរណ៍លើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈការលក់ដូរផ្លែឈើជូនភ្ញៀវទេសចរហាក់ដូចជានៅទីមទាមដោយសារតែកត្ដាខ្វះខាតថវិកា និងការជួយជ្រោមជ្រែងពីវិធានការរបស់អាជ្ញាធរ។
លោកបានឲ្យដឹងថា៖ «ខ្ញុំធ្លាប់ដាក់សំណើសុំការទទួលស្គាល់ជាសហគមន៍ចុះបញ្ជីត្រឹមត្រូវ។ ប៉ុន្ដែយើងខ្វះខាតថវិការត់ការផ្សេងៗ។ ប្រជាពលរដ្ឋមានការអាក់អន់ស្រពន់ចិត្ដយ៉ាងខ្លាំងចំពោះការចុះបញ្ជីនេះ»។ លោកបានប្រាប់ពីការចុះបញ្ជីតំបន់ទឹកធ្លាក់ថា៖ «ខាងមន្ទីរទេសចរណ៍ខេត្ដថា គាត់នឹងចុះបញ្ជីជាតំបន់ទេសចរណ៍ឲ្យ ហើយគាត់បានចុះទៅពិនិត្យមើល និងបានថតរូបជុំគ្នាទៀតផង»។ លោកបានឲ្យដឹងថា ទឹកធ្លាក់ស្រែអំពិល ទទួលភ្ញៀវទេសចរច្រើននៅរដូវបុណ្យភ្ជុំបិណ្ឌ៕
អត្ថបទ និង រូបភាព៖ ភ្នំពេញប៉ុស្តិ៍