ឯកអគ្គរដ្ឋទូតប្រទេសទីម័រខាងកើតស្វែងយល់លើកិច្ចសហប្រតិបត្តិការនិងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា
ថ្ងៃ អង្គារ, 22 ធ្នូ, 2020នៅទីស្ដីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ នៅថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានទទួលជួបឯកឧត្តម អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូបេស(Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា ក្នុងគោលបំណងស្វែងយល់លើកិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា។ ក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ហើយមើលឃើញពីការអភិវឌ្ឍជឿនលឿននៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានវិស័យបរិស្ថានផងដែរ។ ឯកឧត្តម បានពិនិត្យឃើញថាកម្ពុជាគឺជាប្រទេសដ៏គំរូមួយដែលអាចដកស្រង់បទពិសោធន៍ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងបរិស្ថាន។ ជាការឆ្លើយតប ឯកឧត្តម សាយ សំអាល់ បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-ទីម័រខាងកើត និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន សំដៅធានានូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងនិងការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព៕