វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ឆ្នាំ២០១៧ បានចាប់ផ្តើមហើយ
ថ្ងៃ ចន្ទ, 24 កក្កដា, 2017ដើម្បីលើកកម្ពស់ការយល់ដឹងរបស់យុវជន និងនាំមកនូវគំនិតស្រាវជ្រាវថ្មីៗតាមបែបវិទ្យាសាស្រ្ត សម្រាប់បង្កើនកិច្ចគាំពារបរិស្ថាន អភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និង និងការរស់នៅដោយចីរភាព តាមរយៈការជជែកពិភាក្សារបស់និស្សិត ក្រសួងបរិស្ថានបាន និងបាននឹងកំពុងរៀបចំវេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថាន ឆ្នាំ២០១៧។
វេទិកាដ៏មានសារៈសំខាន់នេះនឹងមានការចូលរួមប្រកួតពីសំណាក់និស្សិតមកពីសាកលវិទ្យាល័យចំនួន១៤ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ដើម្បីត្រៀមរៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានរៀបចំកិច្ចប្រជុំណែនាំអំពីនីតិវិធី និងដំណើរការនៃការប្រកួត ចាប់ឆ្នោតជ្រើសរើសប្រធានបទ និងគូប្រកួត និងផ្តល់ជំនាញមូលដ្ឋាននៃការជជែកពិភាក្សា ជូនដល់បេក្ខជន និងសាស្រ្តាចារ្យដឹកនាំ សរុបចំនួន៦៦នាក់។
ជាមួយគ្នានេះដែរគណៈកម្មការរៀបចំការប្រកួត បានអញ្ជើញក្រុមនិស្សិតទទួលជ័យលាភីលេខ១ កាលពីឆ្នាំ២០១៦ ដើម្បីបានចែករំលែកបទពិសោធន៍ជាក់ស្តែងអំពីវិធីសាស្រ្តជជែកពិភាក្សា បទពិសោធន៍ក្នុងការស្រាវជ្រាវរកឯកសារអំណះអំណាង និងរបៀបធ្វើការងារជាក្រុម។
សូមបញ្ជាក់ថា វេទិកានេះគ្រោងនឹងរៀបចំដោយចែកចេញជាបីដំណាក់កាលធំៗគឺ ១). វគ្គប្រកួតដំបូង ២). វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ៣). វគ្គផ្តាច់ព្រ័ត្រ ទៅតាមពេលវេលា ១). វគ្គប្រកួតដំបូង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) វេលាម៉ោង ៨:០០នាទីព្រឹក ២). វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន វេលាម៉ោង ៨:០០នាទីព្រឹក ៣). វគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០នាទីព្រឹក។
ចំពោះប្រធានបទគណៈកម្មការរៀបចំបានកំណត់យក ០៧ប្រធានបទសម្រាប់វគ្គប្រកួតដំបូងគឺ ១). ការញែកសំណល់គឺជាមធ្យោបាយដ៏ល្អក្នុងការគ្រប់គ្រងទីលានចាក់សំណល់ប្រកបដោយប្រសិទ្ធភាព, ២). ការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន គឺជាវិធានការដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងសំណល់, ៣). ការផ្តល់ជម្រើសជីវភាពរស់នៅដល់ប្រជាសហគមន៍ក្នុងតំបន់ការពារធម្មជាតិ គឺជាជម្រើសតែមួយគត់ក្នុងការអភិរក្សព្រៃសហគមន៍តំបន់ការពារធម្មជាតិ, ៤). ការវិនិយោគវិស័យទេសចរណ៍ធម្មជាតិ មិនអាចជួយលើកកម្ពស់ជីវភាពរស់នៅដល់ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិឡើយ, ៥). ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់ឆ្នេរ ចាំបាច់ត្រូវជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិ, ៦). ប្រទេសកម្ពុជាចាំបាច់ត្រូវថែរក្សាសត្វខ្លាដំបង និងសត្វដែលងាយរងគ្រោះ នៅក្នុងសួនសត្វ ដើម្បីចូលរួមចំណែកការអភិរក្សជីវៈចម្រុះ និង៧). ដើម្បីថែរក្សាគុណភាពបរិស្ថាន កម្ពុជាគួរមានគោលការណ៍បង់ថ្លៃសេវាកម្មបរិស្ថាន។
គណៈកម្មការរៀបចំវេទិការយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថានលើកទី៣៧ ឆ្នាំ២០១៧ មានក្តីរំពឹងទុកខ្ពស់ថា លទ្ធផលនៃការជជែកពិភាក្សាអំពីបញ្ហាបរិស្ថាននេះ គឺជាធាតុចូលមួយបន្ថែមទៀត សម្រាប់អ្នករៀបចំគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវ និងអ្នកពាក់ព័ន្ធទាំងអស់ អាចប្រើប្រាស់ជាមូលដ្ឋានក្នុងការគិតពិចារណា ការលើកផែនការយុទ្ធសាស្រ្តគ្រប់គ្រង ផែនការសកម្មភាព និងវិធានការសមស្របនានា ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព៕