ឯកឧត្តម អ៊ាង សុផល្លែត៖ ការកសាងសមត្ថភាពមន្ត្រីគឺជាកិច្ចការសំខាន់និងចាំបាច់
ថ្ងៃ អង្គារ, 29 សីហា, 2017ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំលើកទី១ស្តីពីនៃគណៈកម្មការសម្របសម្រួល (JCC)អន្តរក្រសួងក្នុងការអនុវត្តន៍គម្រោង ដើម្បីប្រសិទ្ធភាព ក្នុងការអនុវត្តការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលបរិស្ថានតាមរយៈការកសាងសមត្ថភាពមន្ត្រីបរិស្ថានដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា។
ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាការកសាងសមត្ថភាពមន្ត្រីគឺជារឿងចាំបាច់ និងសំខាន់ដើម្បីកសាងសមត្ថភាពមន្ត្រីទាំងអស់ឱ្យអាចបំពេញការងារតាមតម្រូវការជាក់ស្តែង និងការវិវឌ្ឍន៍របស់សង្គម។
គម្រោងនេះ មានគោលបំណងពង្រឹងសមត្ថភាពមន្រ្តីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន ក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលបរិស្ថាន ដើម្បីទប់ស្កាត់និងកាត់បន្ថយ ការបំពុលបរិស្ថាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា គម្រោងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុល តាមរយៈការកសាងសមត្ថភាព នៃក្រសួងបរិស្ថាននេះ កើតចេញពីការអនុវត្តក្របខ័ណ្ឌកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៣ និងការផ្លាស់ប្តូរកំណត់ទូតរវាងរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខានៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦។ ដោយឡែក អនុស្សរណៈនៃការយោគយល់គ្នា (MoU) នៃការអនុវត្តគ្រោងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ដោយឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោក Yuichi Sugano ប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជា។
គម្រោងនេះត្រូវបានអនុវត្តន៍ដោយអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន និងការិយាល័យតំណាង JICA ប្រចាំកម្ពុជា មានរយៈពេលអនុវត្តន៍ចំនួន ៤២ ខែ៕