ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅ «ផែនការខ្យល់ស្អាតកម្ពុជា»
ថ្ងៃ អង្គារ, 25 មករា, 2022សៀវភៅ «ផែនការខ្យល់ស្អាតកម្ពុជា» ដែលមានពីរភាសា ខ្មែរ និងអង់គ្លេស ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ប៉ាក សុខារ៉ាវុត អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោក ធីវ សុភារិទ្ធ អគ្គនាយករង លោក ជា ណារ៉ា ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ មន្ត្រីរាជការក្រោមឱវាទក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានជាច្រើនរូបទៀត នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងទៀតថា ផែនការខ្យល់ស្អាតកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បងៗរួមមាន៖ ទី១)បង្កើតការវិភាគរួមនៃសារធាតុបំពុលបរិយាកាស ឧស្ម័នផ្ទះកញ្ចក់ និងសារធាតុបំពុលបរិយាកាស រយៈពេលខ្លី ដើម្បីកំណត់ពីវិស័យនានាដែលជាប្រភពសំខាន់នៃការបំពុលខ្យល់នាពេលបច្ចុប្បន្ន និងពេលអនាគត។ ទី២)កំណត់វិធានការកាត់បន្ថយការសាយភាយការបំពុលខ្យល់នៅក្នុងផែនការ និងយុទ្ធសាស្ត្រ ដែលមានស្រាប់ ស្របគ្នានឹងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ទី៣)កំណត់វិធានការកាត់បន្ថយផ្សេងទៀត ដែលអាចត្រូវបានយកមកអនុវត្តដើម្បីកាត់បន្ថយការបញ្ចេញឱ្យបានកាន់តែប្រសើរ។ ទី៤)កំណត់គុណប្រយោជន៍នានានៃវិធានការកាត់បន្ថយដែលបានកំណត់សម្រាប់ការធ្វើឱ្យប្រសើឡើងនូវគុណភាពខ្យល់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទី៥)កំណត់អាទិភាពដល់សកម្មភាព និងត្រួសត្រាយផ្លូវសម្រាប់ការគ្រប់គ្រងគុណភាពខ្យល់ និងទី៦)ជំរុញការអនុវត្តដែលបានគ្រោងទុកសម្រាប់ផែនការដែលមានស្រាប់ និងសកម្មភាពថ្មីៗដែលកំពុងបង្កើតឡើងនៅក្នុងវិស័យផ្សេងៗ។