ក្រសួងបរិស្ថានរៀបចំយុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្តកបរិស្ថាន» នៅផ្សារអូររាំងឪ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ
ថ្ងៃ សុក្រ, 11 កុម្ភៈ, 2022«យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្តកបរិស្ថាន» បានរៀបចំឡើង ដោយអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកអូររាំងឪ នាថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពី ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្ដម លោក លោកស្រីថ្នាក់ដឹកនាំក្រសួងបរិស្ថាន លោក លោកស្រីថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន លោកអភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ អង្គភាពពាក់ព័ន្ធចំណុះខេត្តត្បូងឃ្មុំ យុវជនស.ស.យ.ក សិស្សានុសិស្ស និងអាជីវករផ្សារអូររាំងឪ។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង ៖
១)ផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយរួមគ្នាកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្តស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក
២)ជំរុញ និងលើកទឹកចិត្តដល់អាជីវករឱ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិកដោយមិនគិតថ្លៃដល់អតិថិជន
៣)ចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តកដែលធ្វើពីចចូតជាផលិតផលក្នុងស្រុក។
តាមរយៈយុទ្ធនាការនេះ ឯកឧត្ដមគណៈអធិបតី បានប្រគល់នូវកន្រ្ដកបរិស្ថានជូនអ្នកចូលរួមក្នុងអង្គពិធី ពិសេសបានចុះចែកជូនដល់ប្រជាពលរដ្ឋ អាជីវករក្នុងផ្សារអូររាំឪ ដើម្បីរួមចំណែកកាត់បន្ថយថង់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់៕