ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មុនមួយថ្ងៃនៃយុទ្ធនាការអន្ទាក់សូន្យ ដែលនឹងប្រព្រឹត្តទៅនៅខេត្តស្ទឹងត្រែងស្អែកនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៧ ដែលជាការរំពឹងទុកក្នុងយុទ្ធនាការអន្ទាក់សូន្យ ដឹកនាំដោយក្រសួងបរិស្ថាន និងអង្គការដៃគូសហការ។ សន្និសីទសារព័ត៌មានដែលប្រព្រឹត្តឡើងនៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ក៏មានការចូលរួមពីលោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត និងអង្គការដៃគូរួមមាន លោក សេង ទៀក នាយកអង្គការ WWF លោកស្រី ហ៊ូ កល្យាណ នាយកាអង្គការរីខូហ្វ (RECOFTC) ប្រចាំកម្ពុជា កញ្ញា សុត ដូរី តំណាងគម្រោងព្រៃឡង់បៃតង លោកទុយ សេរីវឌ្ឍនា នាយកកម្មវិធីនៃអង្គការ Wild Earth Allies Cambodia កញ្ញា សិដ្ឋ សុភ័ក្ត្រ តំណាងអង្គការ CI ព្រមទាំងលោក លោកស្រី ជាមន្ត្រីឱ្យឱវាទក្រសួងបរិស្ថាន អង្គការដៃគូ និងអ្នកសារព័ត៌មានជាតិជាច្រើនរូបទៀត។

ឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានសង្ខេបនូវចំណុចសំខាន់ៗទាំង៧ ដែលជាការរំពឹងទុករបស់ក្រសួងបរិស្ថាន ក៏ដូចជាអង្គការដៃគូ ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិរយៈពេល៦ខែ (មីនា-តុលា) រួមមាន៖ ទី១)សាធារណជននឹងដឹងអំពីផលប៉ះពាល់ជាអវិជ្ជមាននៃអន្ទាក់ទៅលើជីវិតសត្វព្រៃ ហើយអន្ទាក់នេះមិនមែនប៉ះពាល់ទៅដល់ជីវិតសត្វព្រៃទេ ប៉ុន្តែក៏អាចគ្រោះថ្នាក់ដល់មនុស្សដែរ ទី២)ដើម្បីឱ្យសាធារណជនបានដឹងថា ការបរិភោគសាច់សត្វព្រៃ គឺជាការលើកទឹកចិត្តទៅដល់ព្រានព្រៃបន្តដាក់អន្ទាក់ បន្តបរបាញ់ បន្តកែច្នៃអន្ទាក់ដែលកាន់តែមានលក្ខណៈគ្រោះថ្នាក់ឡើង ដូចជាអន្ទាក់វាយបំបាក់ស្មងជើង អន្ទាក់ឆក់ ជាដើម ទី៣)ដើម្បីពញ្ញាក់ស្មារតីឱ្យអ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ ត្រូវពិចារណាថាបើគ្មានតម្រូវការទេ ក៏គ្មានការផ្គត់ផ្គង់ដែរ ទី៤)ដើម្បីអប់រំជារួមថា ប្រភេទសត្វព្រៃដែលចាប់បានយកទៅលក់ ឬបរិភោគ បានតម្លៃតិចតួចទេ ប៉ុន្តែបើទុកសត្វមួយក្បាលនេះ ឱ្យរស់នៅក្នុងព្រៃ វានឹងមានតម្លៃជាមហាសាលសម្រាប់ជីវៈចម្រុះរបស់យើង សម្រាប់វិទ្យាសាស្ត្រ ការសិក្សា ចំណេះដឹង រាប់ជំនាន់តទៅមុខទៀត ទី៥)នៅក្នុងក្របខ័ណ្ឌច្បាប់ដើម្បីឱ្យយើងពិនិត្យថា តើបញ្ហាអ្វីដែលនាំនៅតែបន្តកើតមាននូវការដាក់អន្ទាក់ តើស្ថានភាពហ្នឹងយើងអាចគួរពិនិត្យទៅលើច្បាប់ ឬលក្ខខណ្ឌបន្ថែមទៀតទេ ដើម្បីយើងអាចឈានទៅដល់ការទប់ស្កាត់បាន ឬកាត់បន្ថយឱ្យបានច្រើនបំផុតចំពោះសកម្មភាពទាំងឡាយ ហើយជាការមួយព្រមានទៅដល់ជនទាំងឡាយដែលប្រព្រឹត្តបទល្មើសឱ្យរាងចាល ទី៦)ដើម្បីឱ្យដឹងថា ការបរិភោគសាច់សត្វ មិនមានផលប្រយោជន៍អ្វីដល់សុខភាពទេ វិទ្យាសាស្ត្រក៏មិនមានការបញ្ជាក់ណាមួយដែលសាច់ ឬឆ្អឹងសត្វណាមួយដែលអាចព្យាបាលជំងឺបាននោះទេ និងទី៧)លើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ រួមគ្នាក្នុងការទប់ស្កាត់ និងបដិសេធកុំឱ្យមានអន្ទាក់ បើទោះបីជាយើងដឹងថា ប្រពៃណីរបស់យើងពីមុនមកក៏ដោយ ប៉ុន្តែយើងខិតខំប្រឹងប្រែងក្នុងការផ្តល់ជម្រើសថ្មី ហើយត្រូវរក្សាទុកសត្វព្រៃនៅក្នុងព្រៃនេះ ដែលមានប្រយោជន៍សំខាន់ មិនមែនត្រឹមតែជីវៈចម្រុះ ប៉ុន្តែវាជាផ្នែកមួយដែលអាចទាក់ទាញជាចំណូលបានពីវិស័យទេសចរណ៍ដែលជាប្រភពមិនចេះរីងស្ងួត ជាប្រភពថវិកាសម្រាប់សហគមន៍ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានរម្លឹកឱ្យដឹងថា នៅក្នុងរយៈពេលប្រមាណជិត១០ឆ្នាំចុងក្រោយនេះ ជាមួយនឹងការបង្កើតច្បាប់ ការអប់រំ ផ្សព្វផ្សាយបានទូលំទូលាយ ព្រមទាំងការអភិរក្សធនធានធម្មជាតិ មានភាពល្អប្រសើរ តាមការសង្កេត និងសិក្សា បានបង្ហាញថា ប្រភេទសត្វព្រៃមួយចំនួនរក្សាបាននូវស្ថេរភាព ប្រភេទសត្វខ្លះមានការកើនឡើង និងខ្លះទៀតមានការធ្លាក់ចុ។ ប្រភេទសត្វដែលមានស្ថេរភាព និងប្រភេទសត្វដែលមានការកើនឡើង គឺជាប្រភេទសត្វដែលរកស៊ីនៅលើដើមឈើ ឬប្រភេទសត្វស្លាប។ ប៉ុន្តែប្រភេទសត្វដែលមានការធ្លាក់ចុះ គឺជាប្រភេទសត្វដែលមានម្រាមជើងចំពាម រកស៊ីលើដី ដែលសំដៅលើសត្វជើងបួន ដូចជា សត្វខ្ទីង ទន្សោង ឈ្លូស ប្រើស រមាំង ក្តាន់ ជាដើម ដែលប្រឈមខ្លាំងជាមួយនឹងអន្ទាក់ ហើយនេះជាបញ្ហាមួយដែលយើងប្រឈមនៅចំពោះមុខ។ នៅក្នុង១ឆ្នាំ យ៉ាងហោចណាស់ក៏អន្ទាក់ប្រមាណជាង៤ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ។ ជាក់ស្តែង នៅឆ្នាំ២០២១កន្លងទៅនេះ ប្រមាណជាង៦ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ។ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងស្ថានភាពសត្វព្រៃនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ជាមួយនឹងការងារអភិរក្សមានភាពល្អប្រសើរ តំបន់ការពារធម្មជាតិរបស់យើងមួយចំនួន យើងបានការពារបានល្អ គឺធ្វើឱ្យជម្រករបស់សត្វព្រៃកាន់តែមានសុវត្ថិភាព មានប្រភពអាហារ និងប្រភពទឹក។ ឥឡូវនេះ យើងធ្វើយុទ្ធនាការអន្ទាក់សូន្យ គឺដើម្បីធ្វើឱ្យតំបន់នៃជម្រកសត្វព្រៃកាន់តែមានសុវត្ថិភាព និងរស់សុខសាន្តថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវថា៖ «យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យនិយាយថាទេចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស»។

គួរបញ្ជាក់ឱ្យដឹងថា ការប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ យុទ្ធនាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិ បានចាប់ផ្តើមបើកយុទ្ធនាការរបស់ខ្លួននៅតាមបណ្តាខេត្តគោលដៅដែលក្នុងនោះ ខេត្តស្ទឹងត្រែងគឺជាខេត្តទី១ នៃការធ្វើយុទ្ធនាការនេះ ទី២)ខេត្តក្រចេះ ទី៣)ខេត្តមណ្ឌលគីរី ទី៤)ខេត្តរតនគិរី ទី៥)ខេត្តព្រះវិហារ និងទី៦)ខេត្តកំពង់ធំ៕

រូបភាពដោយ ឆែម ចាន់ធឿន

        

ព័ត៌មានបន្ថែម

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ថ្ងៃ អង្គារ, 22 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ «កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ អនុវត្តមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ»
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្សការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃ សុក្រ, 18 កក្កដា, 2025 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលការអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតអាស៊ានប្រចាំកម្ពុជា ដែលរៀបចំដោយ H.E.Mr. Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ