កិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការ «អន្ទាក់សូន្យ» ក្នុងភូមិសាស្ត្រខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំ
ថ្ងៃ សុក្រ, 4 វិច្ឆិកា, 2022«យុទ្ធនាការអន្ទាក់សូន្យ»ដែលបានផ្តួចផ្តើមគំនិតនិងដឹកនាំដោយក្រសួងបរិស្ថានដោយមានការចូលរួមសហការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិដែលបានប្រារព្ធឡើងនៅខេត្តចំនួន ៦ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និងកំពង់ធំពីខែមីនា ដល់ខែកញ្ញា ឆ្នាំ ២០២២ បានបិទបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យជាទីមោទនៈ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការអន្ទាក់សូន្យនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងតំណាងអង្គការក្រៅរដ្ឋាភិបាល ជាតិនិងអន្តរជាតិដែលជាដៃគូរៀបចំយុទ្ធនារអន្ទាក់សូន្យ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងអំណរគុណ ដល់អង្គការដៃគូដែលបានចូលរួមជាមួយក្រសួងបរិស្ថានរៀបចំយុទ្ធនាការដ៏មានសារៈសំខាន់ដើម្បីផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋចំពោះការហូបសាច់សត្វព្រៃ និងការផ្សព្វផ្សាយពីផល លំបាកនៃអន្ទាក់ទៅលើសុវត្ថិភាពសត្វព្រៃនិងមនុស្ស។
ទាំងមន្ត្រីក្រសួងបរិស្ថាននិងអង្គការសង្គមស៊ីវិលដែលធ្វើការងារអភិរក្សបានបង្ហាញការពេញចិត្តចំពោះលទ្ធផលដែលទទួលបានពីយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែមកនេះដោយបានគូសបញ្ជាក់ថាវាជាកិច្ចការងារចាំបាច់បំផុតដែលក្រសួងបរិស្ថាននិងអង្គការដៃរួមគ្នាធ្វើយុទ្ធនាការរួមគ្នា ដើម្បីលុបបំបាត់អម្ទាក់ដែលជាឃាតកលាក់មុខសម្លាប់សត្វព្រៃកម្ពុជាជារៀងរាល់ថ្ងៃ។ គេមិនដឹងថាក្នុងមួយឆ្នាំមានអន្ទាក់ប៉ុន្មាននោះទេដែលត្រូវបានដាក់ក្នុងតំបន់ការពារធម្មជាតិកម្ពុជា តែយោងតាមទិន្នន័យនៃក្រសួងបរិស្ថាន អន្ទាក់ជាង ៦ ម៉ឺនត្រូវបានដោះនៅឆ្នាំ ២០២១ កន្លងទៅ។ តាមការសិក្សាកន្លងទៅ បរិមាណអន្ទាក់ត្រឹមតែ ២០% ប៉ុណ្ណោះដែលដោះចេញពីតំបន់ការពារធម្មជាតិក្នុងមួយឆ្នាំ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា យុទ្ធនាការអន្ទាក់សូន្យនឹងមិនបញ្ឈប់ត្រឹមនេះទេ ប៉ុន្តែនឹងបន្ត ធ្វើជាលក្ខណៈភ្លៀងរលឹម ហើយនឹងត្រូវពង្រីកទៅកាន់តំបន់ជួរភ្នំក្រវ៉ាញដូចជាខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ជាដើមដែលជាតំបន់មានតំបន់ការពារធម្មជាតិ និងមានការលួចបរបាញ់ និងលក់ដូរសាច់សត្វព្រៃខុសច្បាប់។