សត្វព្រៃកម្រៗចំនួន ២០ ប្រភេទបង្ហាញវត្តមាននៅក្នុងតំបន់អភិរក្សក្នុងខេត្តកោះកុង
ថ្ងៃ ចន្ទ, 21 វិច្ឆិកា, 2022ប្រភេទសត្វព្រៃកម្រៗចំនួន ២០ ប្រភេទ ត្រូវបានរកឃើញមានវត្តមាននៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ក្នុងខេត្តកោះកុង ដែលក្នុងនោះរួមមានសត្វពង្រូល ភេរោមច្រមុះ ឆ្កែព្រៃ ស្វាត្រោស ជ្រូកពោន ប្រើសស្បូវ និងសត្វព្រៃ និងថនិកសត្វ បក្សីជាច្រើនទៀត។ ទិន្នន័យថ្មីនៃវត្តមានសត្វព្រៃជាច្រើនប្រភេទក្នុងតំបន់ការ ពារធម្មជាតិកម្ពុជា បង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ប្រជាសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គការដៃគូដែលធ្វើការងារលើផ្នែកអភិរក្សក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ នេះគឺជាការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននៅថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ជាមួយការបង្ហាញពីមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រឺងការសិក្សាស្រាវជ្រាវ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ ដែលមានវត្តមាន នៅក្នុងតំបន់អភិរក្សរបស់ប្រទេសកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់ការអភិរក្ស និងសម្រាប់ការយល់ដឹងរបស់សាធារណេះជន។
ជាមួយនឹងដំណឹងដ៏រីករាយនៃការរកឃើញវត្តមានសត្វព្រៃកម្រជាច្រើននេះ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជានេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋ លេខាធិការបានគូសបញ្ជាក់ថា ក្រសួងបរិស្ថានរួមនឹងដៃគូបាននិងកំពុងអនុវត្តទាំងវិធានការច្បាប់ផង និង វិធានការបង្កើតសេដ្ឋកិច្ចមូលដ្ឋានដើម្បីកាត់ផ្តាច់ការពឹងអាស្រ័យរបស់ប្រជាពលរដ្ឋទៅលើធនធានធម្មជាតិ ខណៈសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍរីកចម្រើន មានកំណើនការងារ និងប្រជាពលរដ្ឋមានចំណូលកាន់តែ ប្រសើរឡើង៕