ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ចូលរួមលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ។ ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់សហគមន៍តំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ធំ ដែលបានប្រព្រឹត្តទៅនៅក្នុងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្ថែមថា បច្ចុប្បន្នតំបន់ការពារធម្មជាតិនៅកម្ពុជា មានចំនួនរហូតដល់ ៧៣តំបន់ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧,៣ លានហិកតា ដែលជាមូលដ្ឋានក្នុងការបង្កើតសហគមន៍ការពារធម្មជាតិ ដើម្បីចូលរួមការពារធនធានធម្មជាតិ បានល្អប្រសើរសម្រាប់កូនចៅតជំនាន់។
ជាមួយគ្នានេះ ក្រសួងបរិស្ថានបានអនុវត្តន៍ និងសហការអនុវត្តន៍ជាមួយស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍មួយចំនួនលើការលើកកម្ពស់ជីវភាព រស់នៅរបស់សហគមន៍មូលដ្ឋាន ដើម្បីផ្តល់ឱកាសដល់គ្រួសារសហគមន៍ ស្វែងរកចំណូលគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារ ជាពិសេសបង្កលលទ្ធភាពបញ្ជូនកូនចៅទៅសាលារៀន ដែលផ្តល់នូវក្តីសង្ឃឹម ថាកូនចៅជំនាន់ក្រោយ នឹងលែងអាស្រ័យផល និងប្រើប្រាស់ធនធានធម្មជាតិមកបង្កើនជីវភាពតាមរយៈមុខរបរថ្មី ហើយទន្ទឹមនោះ នឹងកាត់បន្ថយការដាក់សម្ពាធន៍មកលើធនធានធម្មជាតិ និងជីវចម្រុះ ហើយបង្កើនក្តីស្រឡាញ់ជាតិ មាតុភូមិរបស់ខ្លួនកាន់តែខ្លាំង។
ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា កម្ពុជាបានពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វផ្សាយស្មារតី «កម្ពុជាមាតុភូមិខ្ញុំ» ដែលបានប្រែក្លាយវិស័យបរិស្ថានទៅជា «ក្រវ៉ាត់បៃតង» និងសំដៅធានាបាននូវឧត្តមប្រយោជន៍ជាតិយូរអង្វែង ទាំងផ្នែកបរិស្ថាន សេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ។
ឯកឧត្តមបានចាត់ទុកថា វគ្គបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់សហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តកំពង់ធំ គោលបំណងតែមួយគឺឆ្លុះបញ្ជាំង ពីភាពចាំបាច់នៅក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសកាងារល្អ និងលើកស្ទួយកម្រិតជីវភាពរបស់ពួកគាត់ កាន់តែប្រសើរឡើង តាមរយៈផ្តល់ជូននូវជម្រើសមុខរបរ បន្ថែមទៀតក្រៅពីអ្វី ដែលធ្លាប់ប្រមូលផល អាស្រ័យផល លើធនធានធម្មជាតិ ក៏ដូចជាព្រៃឈើ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញវគ្គមគ្គុទេសក៍ទេសចរណ៍ បដិសណ្ឋារកិច្ច និងជំនាញចុងភៅ សម្រាប់ការពារតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលត្រូវបានបែងចែកចេញជា ២ផ្នែក ក្នុងនោះមាន មគ្គុទេសក៍ បដិសណ្ឋាការកិច្ច ការស្វាគមន៍ ក៏ដូចជាការការអត្ថាធិប្បាយ ជូនភ្ញៀវទេសចរណ៍ និងទី២ គឺផ្នែកចុងភៅ ដែលមានគ្រូឧទ្ទេសពីខាងក្រសួងទេសចរណ៍ និងមានសិក្ខាកាមចំនួន ២០នាក់ មកពីសហគមន៍តំបន់ការពារធម្មជាតិចំនួន៧ នៅក្នុងខេត្តកំពង់ធំ។
ក្រសួងបរិស្ថានបានបង្កើតគម្រោងពិព័រណ៍សហគមន៍ គម្រោងពិព័រណ៍សហគមន៍ជាគម្រោងទី១ ក្រោមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងគោលដៅជំរុញលើកកម្ពស់សហគមន៍តំបន់ការពារធម្មជាតិ ឲ្យមានជីវភាពរុងរឿង តាមរយៈការបង្កើតមុខរបរដល់គ្រួសារសហគមន៍។ គម្រោងនេះត្រូវយកមកអនុវត្តមុនគេក្នុងខេត្តកំពង់ធំ។