ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី លោក ចាន់ ឈុន ជំនួសលោក កើត សារឿន ដែលត្រូវដល់វ័យចូលនិវត្តន៍
ថ្ងៃ ពុធ, 7 តុលា, 2026(ស្វាយរៀង)៖ ប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀងថ្មី ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនាព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦ ដោយលោក ចាន់ ឈុន ជំនួសលោក កើត សារឿន ដែលត្រូវដល់វ័យចូលនិវត្តន៍ ខណៈលោកបានបំពេញតួនាទីភារកិច្ចជាមន្រ្តីរាជការស៊ីវិលប្រកបដោយសមិទ្ធផលការងារជាផ្លែផ្កានាពេលកន្លងមក។
ពិធីនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សាអភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី ប្រតិភូអម អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំក្រសួង មន្ទីរ និងអង្គភាពចំណុះខេត្តស្វាយរៀងទាំងអស់។
បន្ទាប់ពីទទួលបានតំណែងថ្មី ជាប្រធានមន្ទីរបរិស្ថាន លោក ចាន់ ឈុន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារភាពស្អាត ភាពបៃតង និងចីរភាព ដែលជាសសរត្តម្ភដ៏ចម្បងនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកការងារសុក្រឹតកម្មបរិស្ថានកិច្ចបន្តពីលោកប្រធានមន្ទីរបរិស្ថានមុនឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ដើម្បីផលប្រយោជន៍បរិស្ថាន និងសង្គមជាតិប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា បានថ្លែងអបអរ សាទរ និងកោតសរសើរចំពោះសមិទ្ធិការណ៍ការងាររបស់មន្ទីរបរិស្ថានក្នុងកិច្ចការពារបរិស្ថានជាពិសេសធ្វើឱ្យក្រុង/ខេត្តស្វាយរៀងទាំងមូលមានភាពស្អាត និង បៃតង ដែលធានាបាននូវសោភ័ណភាពស្អាត មានអនាម័យ ដោយមានកន្លែងទុកដាក់សំរាមត្រឹមត្រូវ មានធុងសំរាម មានមធ្យោបាយដឹកជញ្ជូនសំរាម សំណល់ និងឡដុតសំរាមដែលជាការឧបត្តម្ភគាំទ្រពីក្រសួងបរិស្ថាន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងណែនាំឱ្យពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលការណ៍ណែនាំផ្សេងៗ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីបង្កើនប្រសិទ្ធភាពលើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចគាំពារបរិស្ថាន ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាន។ ជាពិសេសមន្ទីរបរិស្ថាន ត្រូវបន្តពួតដៃគ្នា បន្តដំណើរលើផ្លូវតែមួយ ដើម្បីដឹកនាំ ការងារបរិស្ថានខេត្ត ដោយផ្តោតសំខាន់លើ កិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធ ការអនុវត្តក្រមបរិស្ថាន ការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត បៃតង និងចីរភាព ដើម្បីសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ជូនប្រជាជន និងមាតុភូមិយើងទាំងអស់គ្នា៕












