ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) ដែលប្រព្រឹត្តទៅនៅទីក្រុងយ៉េរ៉េវ៉ាន់ ប្រទេសអាមេនី។ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ជាច្រើនរូប បានអញ្ជើញជូនដំណើរឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូ នៅព្រលានយន្តហោះអន្តរជាតិតេជោ។

នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល CBD COP17 នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងថ្លែងបទអន្តរាគមន៍ និងសេចក្តីថ្លែងការណ៍តំណាង ឱ្យព្រះរាជាណាចក្រកម្ពុជា ដោយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើការងារអភិរក្សធនធានធម្មជាតិ ការពារជីវៈចម្រុះ និងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើ «ភាពស្អាត ភាពបៃតង និងចីរភាព»។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល CBD COP17 ដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូប មកពីជុំវិញសកលលោក ដើម្បីរួមគ្នាពិភាក្សា និងវាយតម្លៃជាសកល អំពីវឌ្ឍនភាពនៃការអនុវត្ត «ក្របខ័ណ្ឌជីវៈចម្រុះសកល គុនមីង-ម៉ុងរេអាល់» (Kunming-Montreal Global Biodiversity Framework – KMGBF) សំដៅជំរុញសកម្មភាពការពារ និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះរបស់ភពផែនដី។

បន្ថែមពីនេះ គណៈប្រតិភូកម្ពុជាគ្រោងជួបពិភាក្សាការងារទ្វេរភាគី និងពហុភាគីជាមួយបណ្តាប្រទេសដៃគូ និងអង្គការអន្តរជាតិនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងតំបន់ការពារធម្មជាតិ នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ព័ត៌មានបន្ថែម

កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជាលើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ លើកទី៣ (NDC 3.0) តាមរយៈការពង្រីកថាមពលស្អាត និងពង្រឹងសន្តិសុខថាមពល
កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 កម្ពុជា និង ADB រួមគ្នាជំរុញការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី
ថ្ងៃ ព្រហស្បតិ៍, 12 វិច្ឆិកា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំពិភពលោក និងសន្និសីទ COP31 នៅប្រទេសតួកគី