សិក្ខាសាលា ស្តីពីការចែករំលែកលទ្ធផល និងបទពិសោធន៍នៃការអនុវត្តគម្រោងត្រៀមហិរញ្ញវត្ថុអាកាសធាតុកម្ពុជា
ថ្ងៃ ពុធ, 6 មិថុនា, 2018នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) លោកបណ្ឌិត. Günter Riethmacher នាយកប្រចាំប្រទេស នៃកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងលោកស្រី Andrea Stone មន្រ្តីផ្នែកគ្រប់គ្រងធនធានធម្មជាតិ នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាស្តីពីការចែករំលែកលទ្ធផល និងបទពិសោធន៍នៃការអនុវត្តគម្រោងត្រៀមហិរញ្ញវត្ថុអាកាសធាតុកម្ពុជា ដែលបានសហការរៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. រួមជាមួយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់(GIZ)។
សិក្ខាសាលានេះមានគោលបំណងប្រមូលផ្តុំអ្នកពាក់ព័ន្ធ ដើម្បីចែករំលែក និងពិភាក្សាលើលទ្ធផលនៃការអនុវត្តគម្រោង និងមេរៀនដែលទទួលបានកន្លងមក សម្រាប់ការអនុវត្តការងារទាក់ទងនឹងហិរញ្ញវត្ថុអាកាសធាតុនាពេលអនាគតនៅកម្ពុជា ។ សិក្ខាសាលនេះមានការចូលរួមពីសិក្ខាកាមទាំងអស់ចំនួន៣១រូប អញ្ជើញមកពីក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិដែលកំពុងអនុវត្តការងារពាក់ព័ន្ធនឹងបន្សុំាការប្រែប្រួលអាកាសធាតុនៅកម្ពុជា ។
សូមបញ្ជាក់ថា កម្មវិធីត្រៀមហិរញ្ញវត្ថុអាកាសធាតុបានអនុវត្តនៅឆ្នាំ២០១៥ ស្ថិតក្រោមការដឹកនាំ និងសម្របសម្រួលនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ដែលអនុវត្តដោយកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងដោយមានកិច្ចសហការ និងផ្តល់ហិរញ្ញវត្ថុពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)។ ការងារចម្បងរបស់កម្មវិធីនេះគឺដើម្បីអនុវត្តផែនការជាតិបន្សុំានឹងការប្រែប្រួលអាកាសធាតុកម្ពុជា ដោយផ្តោតជាក់លាក់លើការរៀបចំយុទ្ធសាស្រ្តហិរញ្ញវត្ថុអាកាសធាតុ នៅកម្ពុជា៕