សិក្ខាសាលាចាប់ផ្តើមការងាររៀបចំសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ និងជម្រើសកាត់បន្ថយ នៃរបាយការណ៍បច្ចុប្បន្នកម្មពីរឆ្នាំម្តង (BUR) លើកទី១ របស់កម្ពុជា ក្រោមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ
ថ្ងៃ សុក្រ, 31 សីហា, 2018នៅព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ស.ព.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារ សុខាភ្នំពេញ «សិក្ខាសាលាចាប់ផ្តើមការងាររៀបចំសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ និងជម្រើសកាត់បន្ថយ នៃរបាយការណ៍បច្ចុប្បន្នកម្មពីរឆ្នាំម្តង (BUR) លើកទី១ របស់កម្ពុជា ក្រោមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ» ត្រូវបានប្រារព្វឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម សៅ សុភាព ទីប្រឹក្សាអមក្រសួង នាយកខុទ្ទកាល័យ និងជាតំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានសិក្ខាកាមអញ្ជើញមកពីបណ្តាក្រសួង ស្ថាប័ន អង្គការ ដៃគូរអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធសរុបចំនួន១០០នាក់។ គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) បង្ហាញអំពីផែនការរៀបចំរបាយការណ៍សារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ជាតិ និងសកម្មភាពកាត់បន្ថយ (២) ទទួលបានអនុសាសន៍ ទស្សទានបន្ថែម និង (៣) ដើម្បីកំណត់បានអ្នកពាក់ព័ន្ធសំខាន់ៗសំដៅបង្កើនកិច្ចសហការជាមួយក្រុមការងារក្នុងការប្រមូល និងផ្តល់សុពលភាពទិន្នន័យព័ត៌មាន ធានាបានភាពស៊ីសង្វាក់គ្នាក្នុងចំណោមអ្នកពាក់ព័ន្ធ។