ឯកឧត្ដម រ័ត្ន វិរៈ ៖ សាមគ្គីភាពផ្ទៃក្នុង និងការយកចិត្តទុកដាក់ថែរក្សាអនាម័យបរិស្ថាន គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា
ថ្ងៃ អង្គារ, 30 តុលា, 2018ខេត្តមណ្ឌលគិរី ៖ ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយបានលើកឡើងអំពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការ ជាពិសេសការការពារ និងអភិរក្សធនធានធម្មជាតិ និងការថែរក្សាអនាម័យបរិស្ថាននៅក្នុងខេត្តបានល្អប្រសើរឡើង។
ជាមួយគ្នានេះ ឯកឧត្ដមក៏បានលើកឡើងអំពីកត្តាសាមគ្គីភាពផ្ទៃក្នុងដែលឈានទៅសម្រេចបាននូវលទ្ធផលការងារនារយៈពេលកន្លងមក។
ជាមួយគ្នានោះផងដែរ ឯកឧត្ដម រ័ត្ន វិរៈ ក៏បានជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តដឹកនាំដោយ ឯកឧត្ដម ចឹង សុចន្ថា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ។ ក្នុងឧកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានស្នើសុំកិច្ចសហការ និងធ្វើការពង្រឹងទៅលើកិច្ចការងារបរិស្ថាន ជាពិសេសកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ។ បន្ទាប់មក ឯកឧត្តមបានចុះពិនិត្យអាងប្រព្រឹត្តកម្មដែលបង្ហូរទឹកកខ្វក់ និងទីលានចាក់សំរាមនៅក្នុងក្រុងសែនមនោរម្យផងដែរ។
សូមបញ្ជាក់ថានៅថ្ងៃបន្ទាប់ក្នុងពេលបំពេញការងារនៅខេត្តមណ្ឌលគីរី ឯកឧត្ដម រ័ត្ន វិរៈ បានផ្ដល់ជាកិត្តិយសប្រគល់និងទទួលសម្ភារៈប្រើប្រាស់សម្រាប់មន្រ្តីឧទ្យានុរក្ស ដែលរៀបចំនិងគាំទ្រដោយអង្គការមូលនិធិសាកលសម្រាប់អភិរក្សធម្មជាតិហៅកាត់ថា WWF នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងនោះដែនជម្រកសត្វព្រៃភ្នំព្រេច ទទួលបានម៉ូតូចំនួន ២០គ្រឿង និងម៉ាស៊ីនភ្លើងចំនួន០២ រីឯដែនជម្រកសត្វព្រៃស្រែពក ទទួលបានម៉ាស៊ីនភ្លើងចំនួន០៤គ្រឿង ផ្ទាំងសូឡាចំនួន១២ផ្ទាំង អាគុយសូឡាចំនួន ១២ និងអំពូលសូឡាចំនួន៤ ព្រមទាំងស្លាកស្នាក់ការដែនជម្រកសរុបចំនួន៧ផ្ទាំង។ ឯកឧត្ដមក៏បានផ្ដាំផ្ញើដល់មន្រ្តីឧទ្យានុរក្សទាំងអស់ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍដោយចីរភាព៕