ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយលោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃ ពុធ, 28 សីហា, 2019នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអនុញ្ញាតអោយលោក OKUBO Masaharu នាយកប្រតិបត្តិផ្នែក Energy Business Unit I របស់ក្រុមហ៊ុន Mitsui & Co.,Ltd និងលោកJackson មន្ត្រីអង្គការ CI ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធក្នុងគម្រោងព្រៃឡង់ JCM-រេដបូក ដោយមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រុមការងារបច្ចេកទេសJCM-រេដបូក សរុបចំនួន១៤នាក់។ ក្នុងឱកាសនេះដែរភាគីជប៉ុន ក៏បានពិភាក្សាស្វែងយល់អំពីស្ថានភាពនៃការគ្រប់គ្រងព្រៃឈើបច្ចុប្បន្ននៅកម្ពុជា អំពីវឌ្ឍនភាពនៃការរៀបចំវិធីសាស្ត្រគម្រោងJCM-រេដបូក ហើយក៏បានលើកឡើងអំពីប្រធានបទការបំលែងកាកសំណល់ម្ហូបអាហារទៅជាឥន្ធន:ជីវឧស្ម័ន ហើយជាមួយគ្នានេះបានស្នើការណែនាំអង្គភាព ឬស្ថាប័នដែលមានសក្តានុពលនិងសមស្របចូលរួមសិក្សាស្រាវជ្រាវនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម សៅ សុភាព បានជម្រាបជូនភាគីជប៉ុនថា ស្ថានភាពនៃការគ្រប់គ្រងធនធានព្រៃឈើនៅកម្ពុជាមានការរីកចម្រើនជាវិជ្ជមានល្អបើទោះជានៅមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។ អំពីវឌ្ឍនភាពជាមួយវិធីសាស្ត្រគម្រោងគឺក្រុមការងារបច្ចេកទេសរេដបូកបានធ្វើការពិនិត្យ និងផ្តល់មតិកែសម្រួលជាមួយមន្រ្តីបច្ចេកទេសរបស់គម្រោងរួចហើយ។ ឯកឧត្តមសង្ឃឹមថាសំណើវិធីសាស្ត្រគម្រោងខាងលើនេះនឹងត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណ:កម្មាធិការចម្រុះJCM នៅពេលខាងមុខ។ អំពីគោលបំណងសិក្សាស្រាវជ្រាវការបំលែងកាកសំណល់ម្ហូបអាហារទៅជាឥន្ធន:ជីវឧស្ម័ននៅកម្ពុជា ឯកឧត្តមប្រធានបានស្នើសុំផ្តល់ព័ត៌មានបន្ថែមនិងរក្សាការពិភាក្សាបន្តទៀត។