កិច្ចប្រជុំលើកទី២ អនុក្រុមការងារបច្ចេកទេសអន្តរក្រសួងស្តីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ
ថ្ងៃ អង្គារ, 29 កញ្ញា, 2020កាលពីថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអនុក្រុមការងារបច្ចេកទេសអន្តរក្រសួងស្តីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ លើកទី២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ និងមានការចូលរួមពីសមាជិក-សមាជិកា នៃអនុក្រុមការងារមកពីបណ្តាក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធសរុបចំនួន៣០រូប។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់បច្ចេកទេសលើ៖
១) សេចក្តីព្រាងក្របខណ្ឌការងារជាតិស្តីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុដោយស្មើភាព និងសមធម៌ (ABS) ដើម្បីផ្តល់ជាគោលការណ៍ណែនាំសម្រាប់ការរៀបចំបង្កើត និងអនុវត្តគោលនយោបាយ/នីតិវិធី និងកម្មវិធីការងារស្របតាមពិធីសារណាហ្គូយ៉ា និង
២) របាយការណ៍វិភាគ (Gap Analysis) អំពីច្បាប់ជាតិ-អន្តរជាតិ សម្រាប់រៀបចំផែនការបង្កើតគោលនយោបាយ នីតិវិធី និងវិធានរដ្ឋបាលស្តីពី ABS។
ជាលទ្ធផល អង្គប្រជុំបាន៖ ១) ពិនិត្យ និងសម្រេចផ្នែកបច្ចេកទេសលើសេចក្តីព្រាងក្របខណ្ឌការងារស្តីពី ABS ដេីម្បីដាក់ជូនគណៈកម្មការ និងថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេចនាពេលខាងមុខ និង ២) ពិនិត្យ និងផ្តល់ធាតុចូលបន្ថែមលេីរបាយការណ៍វិភាគ (Gap Analysis) សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការបង្កេីតលិខិតបទដ្ឋានគតិយុត្តស្តីពី ABS៕