រដ្ឋមន្ត្រីបរិស្ថានលើកទឹកចិត្តបណ្តាសង្គមស៊ីវិលឱ្យបង្កើនកិច្ចសន្ទនាជាមួយរដ្ឋាភិបាល
ថ្ងៃ ពុធ, 19 កក្កដា, 2017ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញនិងលើកទឹកចិត្តក្រុមសង្គមស៊ីវិលទាំងអស់ឱ្យបង្កើន កិច្ចសន្ទនានិងការពិភាក្សាជាមួយក្រសួងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាឱយបានញឹកញ៉ាប់ដើម្បីបង្កើតជាទម្លាប់ល្អនៃការជជែកពិភាក្សាក្នុងឋានៈជាដៃគូល្អដែលធ្វើការបម្រើឧត្តមប្រយោជន៍សង្គមជាតិតែមួយដូចគ្នា។
ការថ្លែងជំរុញលើកទឹកចិត្តរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះគឺធ្វើឡើងក្នុងកិច្ច ពិភាក្សាយ៉ាងស្និទស្នាលនាថ្ងៃទី១៨ ខែកក្កដានៅក្នុងបន្ទប់ធ្វើការផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រីតែម្តង។
អង្គការដែលចូលរួមប្រជុំមានអង្គការសត្វព្រៃចំនួន៦ដែលកំពុងប្រតិបត្តិការនៅកម្ពុជាដូចជា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និង អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ជាដើម។ ឯឧត្តមរដ្ឋមន្ត្រី បានថ្លែងថា“យើងគួរមានវប្បធម៌នៃការសន្ទនាគ្នាដែលគួរតែត្រូវធ្វើឱ្យបានញឹកញាប់ហើយការពិភាក្សាទាំងនោះ មិនបាច់ធ្វើក្នុងលក្ខណៈផ្លូវការនោះ ទេ គឺយើងធ្វើឡើងក្នុងនាមជាដៃគូដ៏ល្អ ស្និទស្នាល និងដើរលើផ្លូវតែមួយដែលគាំទ្រគ្នាទៅវិញទៅមក”។
ដោយឡែក ក្រុមសង្គមស៊ីវិលដែលដឹកនាំដោយ លោកស្រី suwanna gauntlet បានស្វាគមន៍ចំពោះការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីដែលតែងតែបើកទ្វាទូលាយសម្រាប់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការតាំងពីដើមរហូតមក។
សូមបញ្ជាក់ផងដែរថា ក្រៅពីប្រធានបទខាងលើភាគទាំងពីរ គឺបានផ្តោតលើកកិច្ចសហប្រតិបត្តិការ កិច្ចការងារអភិរក្សតំបន់សហគមន៍ តំបន់ច្រកល្អៀងនិង ការអភិរក្សជីវៈចម្រុះដើម្បីជំរុញប្រសិទ្ធភាពការងារ ក៏ដូចជាការលើកកម្ពស់ជីវភាពសហគមន៍ ផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការពង្រឹង ការអនុវត្តច្បាប់ចំពោះការបរបាញ់សត្វ និង ការទន្ទ្រានកាន់កាប់ដីព្រៃជាដើម៕