ក្រសួងបរិស្ថាន បើកវគ្គបណ្តុះបណ្តាលលើការវិភាគគុណភាពទឹក ដី និងខ្យល់
ថ្ងៃ ព្រហស្បតិ៍, 27 កក្កដា, 2017មន្ទីរពិសោធន៍នៃក្រសួងបរិស្ថាននៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការវិភាគគុណភាពទឹក ដី និងខ្យល់ ដោយមានការចូលរួមពី ឯកឧត្តម ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានពាក់ព័ន្ធ រួមទាំងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញសរុបប្រមាណជាង៥០នាក់។
ថ្លែងទៅកាន់អ្នកចូលរួមនៅទីស្តីការក្រសួង ឯកឧត្តម ហេង ណារ៉េត បានមានប្រសាសន៍ថា មន្ទីរពិសោធន៍ ក្រសួងបរិស្ថាន មានតួនាទីសំខាន់ក្នុងការវិភាគគុណភាពទឹក ដី ខ្យល់ និងការវិភាគ ចំណីអាហារ ហើយបច្ចុប្បន្ននេះក្រសួងបរិស្ថាន កំពុងពង្រីកនូវចក្ខុវិស័យរបស់ខ្លួនធ្វើយ៉ាងណាពង្រីក មន្ទីរពិសោធន៍នេះ ឱ្យក្លាយទៅជាមន្ទីរពិសោធន៍ថ្នាក់ជាតិដែលមានសមត្ថភាពពេញលេញ។ ឯកឧត្តម មានប្រសាសន៍បន្តថា ការបណ្តុះបណ្តាលនៅក្នុងមន្ទីរពិសោធន៍ ក៏ជាផ្នែកមួយជួយកសាងដល់សមត្ថភាពមន្រ្តីវ័យក្មេង និងនិស្សិតកំពុងសិក្សាជំនាញបរិស្ថានផងដែរ។
គូបញ្ជាក់ថា មន្ទីពិសោធន៍នេះ គឺជាអង្គភាពជំនាញមួយចំណុះឱ្យអគ្គនាយកដ្ឋានគាំពារ បរិស្ថាន ដែលមានបេសកកម្មផ្តល់នូវអំណះអំណាងវិទ្យាសាស្រ្តសម្រាប់គាំទ្រដល់កិច្ច ប្រតិបត្តិការគាំពារ បរិស្ថាន តាមរយៈការពិសោធន៍ ការវិភាគ ការសិក្សាស្រាវជ្រាវ និងការផ្តល់សេវាពិសោធន៍ផ្សេងៗ៕