ពិធីចុះអនុស្សរណៈយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធានធម្មជាតិ
ថ្ងៃ ព្រហស្បតិ៍, 3 សីហា, 2017ក្រសួងបរិស្ថានបានរៀបចំពិធីចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Be Treed Guesthouse ក្នុងកិច្ចសហប្រតិបត្តិការលើកិច្ចការការពារ អភិរក្សធនធានធម្មជាតិ និងថែរក្សាបរិស្ថាន ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ដោយភាគីក្រសួងបរិស្ថានតំណាងដោយ ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការ និងតំណាងក្រុមហ៊ុនលោក បេនចាមីន ដេវីស ក្រោមអធិបតីភាពឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយក លោក លោកស្រីជាអគ្គនាយករង ប្រធាននាយកដ្ឋាន សរុបប្រមាណ ៣៥នាក់ នៅទីស្តីការក្រសួងបរិស្ថាននាល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។
ក្រសួងបរិស្ថាន និងក្រុមហ៊ុន Be Treed Guesthouse មានគោលបំណងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ធម្មជាតិ អភិរក្សជីវៈចម្រុះ និងការអាស្រ័យផលពីសេវាកម្មបរិស្ថានដោយចីរភាព ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។
កិច្ចសហប្រតិបត្តិការនេះ នឹងព្រមព្រៀងឱ្យមានការបង្កើតសហគមន៍តំបន់ការពារធម្មជាតិភ្នំត្នោត និងការលើកផែនការសម្រាប់ការគ្រប់គ្រង, ដាក់ចេញនូវកម្មវិធីការពារសត្វព្រៃ និងអភិរក្សព្រៃឈើក្នុងក្នុងសហគមន៍, និងជំរុញការអភិវឌ្ឍទេសចរណ៍ធម្មជាតិក្នុងសហគមន៍ភ្នំត្នោត៕