ឯកឧត្តម សាយ សំអាល់៖ “ការកសាងសង់ស្តូបវិថី សាយ ភូថង គឺជាការរំលឹកគុណដល់ការលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន”
ថ្ងៃ សុក្រ, 4 សីហា, 2017ឯកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៣ ខែសីហានេះ បានអញ្ជើញជាអធិបតីនៃពិធីចុះបឋមសីលានៃការសាងសង់ រង្វង់មូល និង ស្លាកសម្គាល់ “វិថីសាយភូថង”ក្នុងភូមិសាស្ត្រ ស្រុកបុទុមសាគរ ខេត្តកោះកុង។ ក្នុងពិធីនៃការសាងសង់នេះ មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងយុវជន។
ថ្លែងក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ការសាងសង់រង្វង់មូល និងស្លាកសម្គាល់នេះ គឺដើម្បីដឹងគុណលោកតា សាយ ភូថងដែលបានចូលរួមជ្រោងទង់តស៊ូរំដោះប្រជាជនចេញពីរបបអណានិគមននិយមបារាំង របបលន់ នល់ និងរបបប្រល័យពូជសាសន៍ប៉ុលពត ហើយលោកតា បានចូលរួមជ្រោងទង់បង្រួបបង្រួម និងផ្សះផ្សារជាតិ”។
សូមរំលឹកថាព្រឹទ្ធាចារ្យ សាយ ភូថង កើតនៅឆ្នាំ១៩២០ ហើយបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ដោយចុងក្រោយលោកធ្លាប់ទទួលដំណែងជាអតីតអនុប្រធានក្រុមប្រឹក្សារដ្ឋនៃរបបសាធារណរដ្ឋប្រជាមាណិតកម្ពុជា ក្នុងទស្សវត្សរ៍ទី៨០។ រូបសំណាក់ការសាងសង់រង្វង់មូល និងស្លាកសម្គាល់ គឺស្ថិតនៅក្នុងស្រុកបូទមសាគរ ខេត្តកោះកុងដែលគ្រោងនឹងសាងសង់រួចរាល់ដើមខែមករា ឆ្នាំ២០១៨៕
ដោយ៖ ស៊ុន មេសា