កិច្ចប្រជុំ ពិភាក្សាអំពីការងារចាំបាច់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តាមរយៈប្រព័ន្ធវីដេអូ Zoom
ថ្ងៃ ពុធ, 11 សីហា, 2021ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការងារចាំបាច់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ។ អង្គប្រជុំបានពិភាក្សាផ្តោតសំខាន់លើបញ្ហាប្រឈមនៃការបង្រ្កាបបទល្មើសព្រៃឈើ បទល្មើសជលផល និងបទល្មើសនានា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេសពាក់ព័ន្ធនឹងករណីបាញ់បោះ និងគំរាមប្រជាពលរដ្ឋ និងករណីសារព័ត៌មានដែលបានផ្សព្វផ្សាយបំភ្លើសពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅខេត្តកំពង់ធំ។ល។
ក្នុងកិច្ចប្រជុំនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ Zoom នេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមការងារ សរុបប្រមាណ២០នាក់។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សៅ សុភាព បានលើកឡើងពីការខិតខំប្រឹងប្រែងពន្លឿនការងារស្រង់ទិន្នន័យដីធ្លីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ នៅតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឱ្យបានលឿន និងរៀបចំជារបាយការណ៍បូកសរុបជូនថ្នាក់ដឹកនាំ។ ជារួម ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើឱ្យឯកឧត្តមអភិបាលខេត្តកោះប្រជុំជាមួយអ្នកពាក់ព័ន្ធទាំងអស់ និងកសាងឯកសារឱ្យបានលឿន ដើម្បីបន្តនីតិវិធីដោះស្រាយ៕