ការផ្តល់មធ្យោបាយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឈានទៅមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឱ្យស្អាត ឱ្យអស់ ទាន់ពេល និងមាននិរន្តរភាព គឺសម្រាប់យើងទាំងអស់គ្នា
ថ្ងៃ សៅរ៍, 16 តុលា, 2021នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញជាអធិបតី ប្រគល់ម៉ូតូដឹកសំរាម សំណល់រឹង ចំនួន១១គ្រឿង ដល់រដ្ឋបាលក្រុង ស្រុក ចំនួន ១១ មកពីខេត្ត ចំនួន ៤ ក្នុងគោលបំណងផ្តល់ការគាំទ្រ ជំរុញលើកទឹកចិត្តឱ្យមានភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ព្រមទាំងធ្វើការពង្រីកសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំរាមឱ្យបានគ្រប់ទីប្រជុំជនកាន់តែប្រសើរបន្ថែមទៀត ប្រមូលសំរាម សំណល់រឹងឱ្យស្អាត ឱ្យអស់ ទាន់ពេល រួមចំណែកធ្វើឱ្យភូមិ ឃុំ សង្កាត់កាន់តែមានអនាម័យ សោភ័ណភាពល្អ និងបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងភាពទាក់ទាញ។
រដ្ឋបាលក្រុង ស្រុក ចំនួន ១១ មកពីខេត្ត ចំនួន ៤ ទទួលម៉ូតូដឹកសំរាម សំណល់រឹង ពីក្រសួងបរិស្ថាន រួមមាន ៖
1. ខេត្តក្រចេះ ទទួលម៉ូតូ ៤គ្រឿង មានស្រុកចិត្របុរី សំបូរ ព្រែកប្រសព្វ និងស្រុកឆ្លូង ។
2. ខេត្តមណ្ឌលគិរី ទទួលម៉ូតូ ២គ្រឿង មានក្រុងសែនមនោរម្យ និងស្រុកកោះញែក ។
3. ខេត្តរតនគិរី ទទួលម៉ូតូ ១គ្រឿង មកពីស្រុកតាវែង ។
4. ខេត្តស្ទឹងត្រែង ទទួលម៉ូតូ ៤គ្រឿង មានស្រុកសៀមប៉ាង ថាឡាបរិវ៉ាត់ សេសាន និងបុរីអូរស្វាយសែនជ័យ៕