ភាពជាដៃគូរវាងវិស័យឯកជន ដៃគូរអភិវឌ្ឍន៍ ជាមួយក្រសួងស្ថាប័ន គឺជាចំណុចចាប់ផ្តេីមនៃការរៀបរៀងគោលនយោបាយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លេីយតបនឹងតថភាពសង្គម
ថ្ងៃ ព្រហស្បតិ៍, 4 វិច្ឆិកា, 2021ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកជំទាវ Karoline Casear-Diez ប្រធានតំណាងអង្គការ GGGI ប្រចាំនៅកម្ពុជា តំណាងក្រុមហ៊ុន ជីប ម៉ុង ឯកឧត្តមអស់លោកតំណាងវិទ្យាស្ថានចក្ខុវិស័យអាសុី(AVI) និងតំណាងCSIP បានជួបសំណេះសំណាលការងារ ដេីម្បីឈានទៅបេីកកិច្ចសហការ និងភាពជាដៃគូរក្នុងការងាររៀបចំកសាងគោលនយោបាយវិស័យបរិស្ថាន និងធនធានធម្មជាតិ។ កាលពីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ពីកិច្ចសហការជាវិជ្ជមាននាកន្លងមករវាងក្រសួងបរិស្ថាន ជាមួយដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន ដែលត្រូវបន្តភាពជាដៃគូរបន្ថែមទៀតលើកការសិក្សារៀបចំកសាងគោលនយោបាយធ្វេីយ៉ាងធានាបាននូវការជួយលើកកម្ពស់សហគមន៍មូលដ្ឋាន ការពង្រឹងការចិញ្ចឹមសត្វដែលមានមានតម្លៃខ្ពស់នៅក្នុងទីផ្សារ ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ជាពិសេសឯកឧត្តមរដ្ឋមន្រ្តី បន្តលេីកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ដេីម្បីលេីកកម្ពស់គោលនយោបាយវិស័យបរិស្ថាន និងធនធានធម្មជាតិ។