រដ្ឋមន្ត្រីបរិស្ថាន៖ តួនាទីរបស់ខ្ញុំគឺចូលរួមបណ្តុះបណ្តាលឱ្យមន្ត្រីមានឱកាសថ្មី
ថ្ងៃ ចន្ទ, 11 កញ្ញា, 2017ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ (វគ្គទី១)នៅទីស្តីការក្រសួងបរិស្ថាន។
ថ្លែងទៅកាន់សិក្ខាកាម ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការបណ្តុះបណ្តាលធនធានមនុស្សគឺជាកិច្ចការងារអាទិភាពរបស់ក្រសួងបរិស្ថានតាំងពីដើមអាណត្តិមកម្ល៉េះដើម្បីពង្រឹងសមត្ថភាពមន្ត្រីក្នុងក្រសួងដែលទើបចូលបម្រើការងារ ក៏ដូចជាមន្ត្រីដែលបម្រើការងារក្នុងក្រសួងស្រាប់ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព ប្រសិទ្ធិផលគ្រប់គ្រងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងការបំពេញតួនាទីតាមជំនាញនីមួយៗក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភរិក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖« តួនាទីរបស់ខ្ញុំគឺចូលរួមក្នុងការបណ្តុះបណ្តាលមន្ត្រីឱ្យមានឱកាសក្នុងក្រសួងខ្លួនឯង ក្រសួងដទៃ ឬក៏ឈានទៅដល់ការបង្កើតក្រុមហ៊ុនខ្លួនឯងតែម្តង»។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដែលធ្វើឡើងដើម្បីពង្រឹងសមត្ថភាពមន្ត្រីនេះគឺមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃចន្ទ ទី១១ ខែកញ្ញានេះ រហូតដល់ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧៕