ឯកឧត្តម សាយ សំអាល់៖ កម្ពុជាជាប្រធានអាស៊ាន គឺជាមោទនភាពដ៏ធំធេងរបស់ប្រជាជនខ្មែរគ្រប់រូប
ថ្ងៃ ចន្ទ, 16 ឧសភា, 2022«កម្ពុជាជាប្រធានអាស៊ាន គឺជាមោទនភាពដ៏ធំធេងរបស់ប្រជាជនខ្មែរគ្រប់រូប។ នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី និងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបចូលរួម នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ ។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តម សាយ សំអាល់ បានកោតសសើរ វាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមទប់ស្កាត់រីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេស គឺការចូលរួមចាក់វ៉ាក់សាំង ដើម្បីបង្កើតនូវសហគមន៍បន្ស៉ាំ ដែលអនុញ្ញាតឱ្យយើងបានបើកប្រទេសឡើងវិញ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមអនុវត្តគោលនយោបាយអប់រំយ៉ាងខ្ជាប់ខ្ជួន ការធ្វើកំណែទម្រង់លើវិស័យអប់រំ ជាមួយនឹងការលះបង់ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីអនុវត្តឱ្យបានជោគជ័យគោលនយោបាយវិស័យអប់រំ។ ឯកឧត្តមបានអំពាវនាវ និងលើកទឹកចិត្តចំពោះលោកគ្រូ អ្នកគ្រូ អនុវត្តគោលនយោបាយនេះ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕