កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ វេលា​ម៉ោង​ ៩:០០​ព្រឹក​ នៅសាល​ប្រជុំតូចនៃសាលាស្រុកស្ទឹងហាវ មានបើកវេទិកាសាធារណៈ ស្តីពីការដោះស្រាយប៉ះពាល់សំណល់ផេះធ្យូងថ្មមកលើប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក​ស្ទឹងហាវ ដោយមានការចូលរួមពីតំណាងរដ្ឋបាលស្រុក អង្គភាពពាក់ព័ន្ធស្រុកស្ទឹងហាវ អាជ្ញាធរភូមិ-ឃុំ តំណាងប្រជាពលរដ្ឋដែលរងប៉ះពាល់ តំណាងក្រុមហ៊ុន ស៊ី ម៉ៅ ត្រេឌីង ក្រុមហ៊ុន C.I.I.D.G ERDOS HONGJUN POWER CO., LTD. ក្រុមហ៊ុន CAMBODIAN ENERGY LIMITED និងក្រុមហ៊ុន CHINA HUADIAN LOWER STUNG RUSSEI CHRUM HYDRO-ELECTRIC PROJECT (CAMBODIA) COMPANY LIMITED សរុបចំនួន ៣៣នាក់។
ជាកិច្ចចាប់ផ្តេីមវេទិកាសាធារណ:​ ឯកឧត្តមប្រធានបានលេីកឡេីងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួងបរិស្ថានលេីសុខទុក្ខ​របស់ប្រជាពលរដ្ឋ​ ហេីយក៏បានផ្តល់ឱកាសដល់អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋលេីកឡេីងអំពីកង្វល់​ បញ្ហាប្រឈម​ និងផលប៉ះពាល់នានា​ ពីមូលដ្ឋានកែច្នៃសំណល់ផេះធ្យូងថ្ម របស់ក្រុមហ៊ុន ស៊ី ម៉ៅ ត្រេឌីង​ ដែលក្នុងនោះបញ្ហាប្រឈម​ និងសំណូមពរដែលត្រូវបានលើកឡើង រួមមាន៖
១.​ ប្រជាជននៅភូមិ២ និងភូមិ៣ នៃឃុំអូរត្រេះបានទទួលរងការប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃពីការ ហុយធូលីផេះធ្យូងថ្មនេះអស់រយៈពេលលជាច្រេីនឆ្នាំមកហើយ​
២. មានការរំខានដោយសំឡេង និងរំញ័រដល់ប្រជាជនដែលរស់នៅក្បែរទីតាំងរបស់ក្រុមហ៊ុន
៣. សំណល់រាវដែលហូរចេញពីគំនរផេះបានធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹកព្រែករលួស និងមុខរបរចិញ្ចឹមត្រីរបស់ប្រជាជន
៤. ប្រជាជនសំណូមពរឱ្យក្រុមហ៊ុនប្តូរទីតាំងថ្មី ព្រោះមានការប៉ះពាល់ដល់សុខភាព និងរំខានដល់ការរស់នៅរបស់ពួកគាត់ជាយូរមកហើយ។
បន្ទាប់មកឯកឧត្តមប្រធានបានឱ្យតំណាងក្រុមហ៊ុន ស៊ី ម៉ៅ ត្រេឌីង លើកឡើងពីការដោះស្រាយទៅលើសំណូមពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋាន ព្រមទាំងការឆ្លើយតបទៅនឹងលិខិតលេខ ១១៧០ សជណ ប.ស្ថ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ របស់ក្រសួងបរិស្ថានផងដែរ។
ជារួម ក្រុមហ៊ុនមិនទាន់បានដោះស្រាយនូវបញ្ហានានាដែលក្រសួងបរិស្ថានបានស្នើឡើង ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋទេ ដោយក្រុម​ហ៊ុនស្នើសុំពេលចំនួន ៣ខែដើម្បីរៀបចំស៊ីឡូស្តុកផេះធ្យូងថ្មចំនួនពីរចំណុះ ៤.០០០តោន និងស្វែងរកក្រុមហ៊ុនដៃគូសហការដើម្បីទទួលយកផេះពីរោងចក្រផលិតថាមពលអគ្គិសនីដើរដោយដុតធ្យូងថ្ម (ក្រុមហ៊ុន CEL និង CIIDG) ដោយផ្ទាល់​ ដោយពុំចាំបាច់ដឹកចូលទីតាំងរបស់ខ្លួនបច្ចុប្បន្ន​ ហេីយបានស្នេីសុំបន្តធ្វេីការកែច្នៃផេះធ្យូងថ្ម ដែល​នៅសល់ចំនួនប្រមាណ ២០.០០០តោន ក្នុងរយៈពេលប្រមាណ ២ឆ្នាំ ដោយមិនប្តូរទីតាំងថ្មីឡើយ ហើយបើក្រុមហ៊ុនអនុវត្តមិនបាន ក្រុមហ៊ុន​នឹងដកខ្លួនចេញ។
បន្ទាប់ពីបានផ្លាស់ប្តូរមតិយោបល់គ្នារួចមក តំណាងប្រជាពលរដ្ឋមិនយល់ព្រមតាមសំណើរបស់ក្រុមហ៊ុនទេ ហើយឯកឧត្តមប្រធានបានសម្រេច​ប្រមូលយកមតិយោបល់​ និងសំណូមពររបស់ប្រជាពលរដ្ឋ​ ក៏ដូចជាសំណើរបស់ក្រុមហ៊ុន ទៅពិនិត្យពិភាក្សា​ និងឆ្លងយោបល់និងការសម្រេច​របស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន។

ព័ត៌មានបន្ថែម

គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 គណៈប្រតិភូជប៉ុនមកពីស្ថាប័នធំៗ បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភាពជោគជ័យនៃវេទិកាធុរកិច្ចបច្ចេកវិទ្យាអវកាស សម្រាប់បរិស្ថានរវាងប្រទេសកម្ពុជា-ជប៉ុន
វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 វេទិកាបញ្ញាសិប្បនិម្មិតសម្រាប់សកម្មភាពអាកាសធាតុ ឆ្នាំ២០២៦ (AI for Climate Action Forum 2026) ត្រូវបានបិទបញ្ចប់ដោយជោគជ័យ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី
ថ្ងៃ ព្រហស្បតិ៍, 15 តុលា, 2026 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃសន្និសីទរដ្ឋភាគីលើកទី១៧ នៃអនុសញ្ញាស្តីពីជីវៈចម្រុះ (CBD COP17) នៅប្រទេសអាមេនី