ក្បាលហុងទឹក កន្លែងភ្ញៀវទេសចរញ៉ាំអាហារលម្ហែកាយ ក្បែរទឹកផុសថ្លាឈ្វេង
ថ្ងៃ ព្រហស្បតិ៍, 6 កក្កដា, 2017ទឹកផុសព្រុចៗផុសចេញពីក្នុងដីថ្លាឈ្វេងត្រជាក់ស្រេងជម្រៅត្រឹមកំភួនជើងកំពុងក្លាយជាទីឋានកម្សាន្ដពេញនិយមបំផុតមួយនៅក្នុងទឹកដីក្រហមនៃខេត្ដកំពង់ចាម។ ក្បាលហុងទឹក រមណីយដ្ឋានចុះបញ្ជីក្នុងឆ្នាំ២០១១ គឺជាទឹកផុសត្រជាក់ដែលជ្រាបចេញពីប្រភពអាងស្ដុកទឹកថ្មដា ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ចម្ងាយប្រមាណជាង ៣០ គីឡូម៉ែត្រពីក្រុងកំពង់ចាម ទទួលភ្ញៀវរាប់រយនាក់រៀងរាល់ថ្ងៃ ហើយចំនួនបានកើនឡើងរាប់ពាន់ក្នុងរដូវបុណ្យទាន។
លោក ច្រឹង យី ម្ចាស់អាហារដ្ឋានស្ថិតនៅក្បែរប្រភពទឹកផុសនៃក្បាលហុងទឹក ដែលបានបើកអាជីវកម្មជិតពីរឆ្នាំ បានឲ្យដឹងថា រដូវបុណ្យទាន មនុស្សមកលេងទីនេះពាសពេញគ្រប់ទីកន្លែង។ ប៉ុន្ដែបើទោះបីជាភ្ញៀវទេសចរមកកម្សាន្ដរមណីយដ្ឋាននេះយ៉ាងណាក្ដី ក៏ភាគច្រើនពួកគេគ្រាន់តែមកអង្គុយក្នុងក្យូសទទួលទានអាហារថ្ងៃត្រង់ ខណៈភ្ញៀវមួយចំនួនត្រូវដើរទៅកាន់ប្រភពទឹកផុសព្រុចៗចេញពីក្នុងដីគួរឲ្យក្បង់ស្រោចប្រាណ។ ចំពោះបញ្ហាភ្ញៀវឈូឆរទៅជ្រំប្រភពក្បាលទឹក មជ្ឈដ្ឋានមួយចំនួនបានចោទថា ទង្វើនេះបង្កឲ្យផ្ទៃទឹកស្ងប់អត់ហូរ និងល្អក់កខ្វក់នៅផ្នែកខាងក្រោម ដែលជះក្លិនអសោចដល់ច្រមុះភ្ញៀវទេសចរ។
លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្ដកំពង់ចាម បានប្រាប់ថា វាជាតំបន់ទឹកផុសធម្មជាតិ ហើយក្រោយពីមន្ទីរទេសចរណ៍រៀបចំជាតំបន់រមណីយដ្ឋាន ក្បាលហុងទឹក ត្រូវបានហ៊ុមព័ទ្ធ មិនឲ្យមនុស្សចូលលុកលុយបន្ដទៀត។ លោកបានបន្ដថា៖ «កាលពីសង្គមចាស់ បរិវេណទឹកផុសមានល្បឿន ៦ ម៉ែត្រគុបក្នុងមួយវិនាទី។ ដោយសារបច្ចុប្បន្ន យើងអស់ព្រៃ អស់អីផង វានៅសល់តែពី ២ ទៅ ៣ ម៉ែត្រគុបក្នុងមួយវិនាទីទេ។ ប៉ុន្ដែឆ្នាំនេះ យើងសង្កេតឃើញថា ទឹកមានសម្ទុះជាងបណ្ដាឆ្នាំកន្លងមក»។
ពីប្រភពក្បាលទឹកដែលហូររលេញថ្លាឈ្វេងចម្ងាយប្រមាណពី ២០ ទៅ ៣០ ម៉ែត្រផុតរបងហ៊ុមព័ទ្ធបន្ដិច ផ្ទៃទឹកចាប់ផ្ដើមមានសភាពល្អក់ ភាយក្លិនស្អុយ និងមិនថ្លាស្អាតរហូតដល់រមណីយដ្ឋានព្រះធាតុទឹកឆា ដែលត្រូវបានភ្ញៀវទេសចរបំភ្លេចទៅហើយ។ លោក ស៊ាន សុគន្ធ បានបញ្ជាក់ថា៖ «ដោយអត់យល់ពីបច្ចេកទេស អ្នកខ្លះនិយាយថា ប្រជាពលរដ្ឋចូលទៅជញ្ជាន់ ធ្វើឲ្យហាប់ដី ធ្វើឲ្យប្រភពទឹកក្រោមដី មិនសូវចេញ។ ប៉ុន្ដែអ្នកជំនាញអះអាងថា វានៅតែបន្ដចេញ បើទោះបីជាកន្លែងនោះមានសភាពហាប់ ក៏វាត្រូវចេញនៅកន្លែងផ្សេងដែរ»។ យ៉ាងណាមិញ លោក ស៊ាន សុគន្ធ បាននិយាយថា អាជ្ញាធរមិនចង់ឲ្យភ្ញៀវទេសចរទៅលេងជញ្ជាន់នោះឡើយ ដោយអាជ្ញាធរចង់ដាំដើមឈើបន្ថែម។
ប្រធានមន្ទីរទេសចរណ៍ខេត្ដកំពង់ចាមបានប្រាប់ថា ខែវស្សាទឹកចេញតិច ខណៈខែប្រាំងមានទឹកចេញច្រើន។ លោកបានពន្យល់ពីបាតុភូមិទឹកផុសនេះតាមរយៈការសាកសួរពីមន្ដ្រីធនធានទឹកថា ដោយសារតំបន់ខាងលើគឺជាអាងស្ដុក នៅខែវស្សា វាបឺតទឹកភ្ញៀងពីក្រោមដី ហើយខែប្រាំង វាបានបញ្ចេញទឹកវិញ។ ទោះបីជាយ៉ាងណាមិញ ភាពកខ្វក់ និងក្លិនអសោចភាយពីទឹកតាមដងព្រែកខាងក្រោមហាក់មិនបានធ្វើឲ្យរំខានចិត្ដភ្ញៀវទេសចរឡើយ។ ក្នុងមួយថ្ងៃៗ ភ្ញៀវនៅតែសម្រុកមកកម្សាន្ដនៅក្បាលហុងទឹកច្រើនកកកុញ។ គួរបញ្ជាក់ថា ម្ហូបម្ហាចាប់ពីល្ហុងបុក មីឆា រហូតដល់មាន់ដុតទឹកឃ្មុំ ឬមាន់ស្ងោរជ្រក់ អន្ទង់អាំង និងតុមយ៉ាំមានតម្លៃចាប់ពី ៥០០០ រៀលទៅដល់ ៥ ម៉ឺនរៀល៕ អត្ថបទ និងរូបភាព៖ ភ្នំពេញប៉ុស្តិ៍