របាយការណ៍ស្តីពីស្ថានភាពបរិស្ថានជាតិលើកទី៤ និងលទ្ធផលនៃការសិក្សាវាយតម្លៃធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ថ្ងៃ ព្រហស្បតិ៍, 23 កញ្ញា, 2021របាយការណ៍ស្តីពីស្ថានភាពបរិស្ថានជាតិលើកទី៤ និងលទ្ធផលនៃការសិក្សាវាយតម្លៃធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។ ឯកឧត្តមបានថ្លែងថា របាយការណ៍ស្រាវជ្រាវទាំង ២ នេះ នេះជាសមិទ្ធផលថ្មីបន្ថែមទៀតដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។
ក្រសួងបរិស្ថាន ដោយមានកិច្ចសហការពីអង្គការ UNDP និងអង្គការFAO បានផលិតរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤នេះឡើង ក្នុងគោលបំណងដើម្បីសង្ខេបអំពីស្ថានភាពបច្ចុប្បន្ន និងនិន្នាការនៃបរិស្ថាននៅក្នុង ព្រះរាជាណាចក្រកម្ពុជាដើម្បីគាំទ្របន្តទៀតដល់ការអភិវឌ្ឍក្របខណ្ឌស្ថាប័ន និងក្របខណ្ឌគោលនយោបាយថ្នាក់ជាតិដ៏រឹងមាំ ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs) របស់កម្ពុជា ប្រកបដោយ ប្រសិទ្ធភាព។ របាយការណ៍ស្ថានភាពបរិស្ថានលើកទី ៤ បានគូសបញ្ជាក់នូវបញ្ហាប្រឈមសំខាន់ៗ ពិនិត្យ មើលឡើងវិញទៅលើគោលនយោបាយនានា និងគោលបំណងបរិស្ថានដែលមានបច្ចុប្បន្ន និងធ្វើការពិចារណាថា តើចំណេះដឹង ទិន្នន័យ និងគោលនយោបាយអាចសម្រេចបានគោលបំណងទាំងអស់នោះ ដែរឬទេ។
របាយការណ៍នេះ គឺជារបាយការណ៍ដែលមាននិន្នាការផ្ដោតលើដំណោះស្រាយដោយផ្ដល់អនុសាសន៍សំខាន់ៗសម្រាប់គោលនយោបាយនាពេលអនាគត ទិន្នន័យ និងអាទិភាពស្រាវជ្រាវ ដើម្បីជាមធ្យោបាយក្នុងការស្វែងរកវិធីឆ្ពោះទៅមុខ។ របាយការណ៍នេះ ពិនិត្យស៊ីជម្រៅលើវិស័យតាមប្រធានបទចំនួន ៧ គឺ៖ គុណភាពខ្យល់ ការប្រែប្រួលអាកាសធាតុ ធនធានទឹកសាបលើដី ធនធានដី គុណភាពជីវៈចម្រុះ សំណល់ និងបរិស្ថាន និងសុវត្ថិភាពម្ហូបអាហារ។
របាយការណ៍ស្ថានភាពបរិស្ថានជាតិ ពិតជាមានសារសំខាន់ និងចាំបាច់សម្រាប់កម្ពុជាដែលត្រូវបានរៀបចំឡើងប្រកបដោយខ្លឹមសារ ទិន្នន័យច្បាស់លាស់ និងគុណភាព ហើយត្រូវបានចងក្រងឡើង ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រនិងត្រូវបានទទួលស្គាល់ប្រើប្រាស់ដោយគ្រប់មជ្ឈដ្ឋាន។ របាយការណ៍នេះផ្តល់ការយល់ដឹងអំពីនិន្នាការស្ថានភាពបរិស្ថានឱ្យបានកាន់តែប្រសើរ ចងក្រងនូវផលប៉ះពាល់បរិស្ថាន សង្គម និងពីស្ថានភាពដែលប្រែប្រួល និងបង្ហាញពីប្រសិទ្ធភាពនៃការឆ្លើយតបចំពោះសម្ពាធ និងផលប៉ះ ពាល់បរិស្ថានរួមនឹងបញ្ជីអនុសាសន៍ដំណោះស្រាយផងដែរ។ របាយការណ៍ស្ថានភាពបរិស្ថានជាតិ គឺជា ការចងក្រងប្រមូលផ្តុំនូវឯកសារទិន្នន័យគោល និងព័ត៌មានវិទ្យាសាស្ត្រអំពីបរិស្ថាន និងធនធានធម្មជាតិ សម្រាប់អ្នកសិក្សាស្រាវជ្រាវ អ្នកគ្រប់គ្រង អ្នកធ្វើផែនការ សហគមន៍ ឧស្សាហករ វិនិយោគិន អង្គការជាតិ អន្តរជាតិ ប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការអប់រំចំណេះដឹងបរិស្ថាន ការធ្វើសេចក្តីសម្រេច ការគ្រប់គ្រង និងធ្វើផែនការសកម្មភាពដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមកម្មវិធីនយោបាយជាតិ។
ទន្ទឹមនឹងការចេញផ្សាយនិងប្រកាសឱ្យប្រើប្រាស់របាយការណ៍ស្តីពីបរិស្ថានជាតិលើកទី៤ ក្រសួង បរិស្ថានមានមោទកភាពក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់នូវរបាយការណ៍សិក្សាវាយតម្លៃពីធនធានគម្រប ព្រៃឈើកម្ពុជាឆ្នាំ២០១៨ ផងដែរ។ យើងដឹងហើយថា ធនធានព្រៃឈើបានផ្តល់នូវអត្ថប្រយោជន៍ទ្រទ្រង់ដល់ជីវិតមនុស្ស សត្វរាប់រយលាន នៅលើភពផែនដី និងបានបង្កើតការងារគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់នៅជុំវិញពិភពលោក។ ការវាយតម្លៃធនធានគម្របព្រៃឈើគឺជាយុទ្ធសាស្ត្រស្នូលដើម្បី ទទួលបាននូវទិន្នន័យមូលដ្ឋានច្បាស់លាស់ អំពីធនធានគម្របដីព្រៃឈើ និងការប្រែប្រួលដីព្រៃឈើនៅ ទូទាំងប្រទេស។ នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្ត្រ (DGIS)នៃក្រសួងបរិស្ថាន បានដើរតួនាទីយ៉ាង សំខាន់ក្នុងការវាយតម្លៃធនធានគម្រប ព្រៃឈើនូវទូទាំងប្រទេស ដោយជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធនានាដើម្បីកសាង សមត្ថភាពមន្ត្រី បង្កើតនូវការគ្រប់គ្រងទិន្នន័យ ព័ត៌មានភូមិ សាស្ត្រ
ការផលិតផែនទី ការប្រមូលវិភាគ ចងក្រងព័ត៌មាន ស្ដីពីគុណភាពបរិស្ថានធនធានធម្មជាតិ និងជីវៈចម្រុះប្រកបដោយគុណភាព និងកម្រិត ជឿជាក់ខ្ពស់។ DGISមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តសកម្មភាពរេដបូកអាចផ្ដល់ការគាំទ្រយុទ្ធសាស្ត្រ ក្នុងការចងក្រងប្រមូលទិន្នន័យព័ត៌មាន វិស័យបរិស្ថាន។
ក្រសួងបរិស្ថានបានបង្កើតក្រុមការងារផលិតផែនទីការប្រើប្រាស់ដីព្រៃឈើនិងគម្របព្រៃឈើទូទាំងប្រទេស ដោយមានកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញការជាតិពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងអភិ វឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយមនិងមានការគាំទ្របច្ចេកទេសពីអ្នកជំនាញការអន្តរជាតិ រួម មានកម្មវិធីអភិវឌ្ឍន៍នៃសហប្រជាជាតិ (UNDP) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA JAPAN) អង្គការស្បៀងនិងកសិកម្មនៃសហប្រជា ជាតិ(FAO) វិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និងផលិតផលព្រៃឈើជប៉ុន (FFPRI) និងសាកលវិទ្យាល័យអន្តរជាតិនានា។
ព្រះរាជាណាចក្រកម្ពុជាបានធ្វើការវាយតម្លៃធនធានគម្របដីព្រៃឈើថ្នាក់ជាតិបានចំនួន 0៨ ដង ចាប់តាំងពីមុនឆ្នាំ១៩៧៣ រហូតដល់ឆ្នាំ ២០១៨ និងបានកំពុងបន្តធ្វើការវាយតម្លៃធនធានគម្របព្រៃឈើ ក្នុងឆ្នាំ២០២០ និងបានធ្វើការវាយតម្លៃ ការប្រែប្រួលធនធានដីគម្របព្រៃឈើនៃប្រព័ន្ធតំបន់ការពារធម្មជាតិ ឆ្នាំ២០០៦-២០១៦ ប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធព័ត៌មាន ភូមិសាស្ត្រ និងរូបភាពផ្កាយរណបជាលទ្ធផលក្នុងការវាយតម្លៃធនធានគម្របដីព្រៃឈើតាមបណ្តាឆ្នាំនីមួយៗ។ តាមការ វាយតម្លៃធនធានគម្របដីព្រៃឈើឆ្នាំ២០១៨ ជាលទ្ធផលចុងក្រោយនេះបង្ហាញថា ផ្ទៃដីព្រៃឈើមានប្រមាណ ៨.៥១០.៨០៧ ហិកតា ស្មើនឹង ៤៦,៨៦% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស (លទ្ធផលនៃការវាយ តម្លៃនេះរួម បញ្ចូលទាំងផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង និងដំណាំហូបផ្លែដទៃទៀត)៕
























