ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា
ថ្ងៃ សុក្រ, 26 វិច្ឆិកា, 2021នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារសហប្រតិបត្ការ ផែនការ និងថវិកា នៃក្រសួងបរិស្ថាន បានអញ្ជើញក្នុងពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងអនុវត្តគម្រោងក្រសួងបរិស្ថាននិងអង្គការ សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា នាថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១
ឯកឧត្តម រដ្ឋលេខាធិការបានបន្តថា៖ការអនុវត្តកិច្ចព្រមព្រៀងគម្រោងរវាងក្រសួងបរិស្ថាន និងអង្គការ WCS នៅតាមតំបន់ការពារធម្មជាតិ ដូចបានរៀបរាប់ខាងលើកន្លងមកបានធ្វើឱ្យក្រសួងបរិស្ថានសម្រេចបាននូវសមិទ្ធផលជាច្រើនដូចជាការពង្រឹងសមត្ថភាពស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោជាតិ ការកសាងធនធានមនុស្ស និងពង្រឹងការអនុវត្ត ច្បាប់ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋានតាមរយៈជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបអង្គការWCS ដែលចំណុចទាំងនេះបានផ្តល់ជាកាលានុវត្តភាពដល់ក្រសួងបរិស្ថានក្នុងការសម្រេចបាននូវសមិទ្ធផលការងារអភិរក្សមួយចំនួនដូចជា (១)ការការពារជម្រកសត្វស្លាប នៅឋបនីយជីវមណ្ឌលព្រែកទាល់ដែលជាជម្រកសត្វស្លាបធំបំផុតនៅអាស៊ី (២)ការរៀបចំសហគ្រាសអភិរក្សដោសហគមន៍ ដូចជា តំបន់អេកូទេសចរណ៍ធម្មជាតិ ដែលគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិនៅសហគមន៍ត្មាតប៉ើយ សហគមន៍ព្រៃវែងសហគមន៍ដងផ្លិត និងសហគមន៍អណ្តូងក្រឡឹង និង(៣)ស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ (Ibis Rice) ដែលជាស្រូវសរីរាង្គ និងកំពុងទទួលបាននូវការចាប់អារម្មណ៍ពីអតិថិជនជាតិ និងអន្តរជាតិ។លើសពីនេះក្រោមកិច្ចសហការអនុវត្តកិច្ចព្រមព្រៀងគម្រោងរវាងក្រសួង បរិស្ថាន និងអង្គការ WCS កន្លងមក យើងបានអនុវត្តន៍ប្រកបដោយជោគជ័យនូវគម្រោងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់បណ្តាល មកពីការបាត់បង់ និងរិចរឹលព្រៃ ឈើ (REDD+) ដែលបានអនុវត្តចាប់តាំងឆ្នាំ២០១៦ ដោយ មានការចូលរួម និងទទួលផលពីប្រជាពលរដ្ឋចំនួនពីរម៉ឺន (២០.០០០នាក់) ដែលបាន និងកំពុងរស់នៅក្នុងភូមិចំនួន ២០ និងតំបន់ក្បែរគម្រោងរេដបូក ក្នុងដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តមណ្ឌលគិរី និងក្រចេះ។ តាមរយៈការអនុវត្តគម្រោងខាងលើនេះបានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមាក្លាយជាតំបន់ការពារធម្មជាតិទីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមាននិរន្តរភាពថវិកាសម្រាប់ការអនុវត្តសកម្មភាពអភិរក្សធនធានជីវៈចម្រុះក្នុងរយៈពេល៥ឆ្នាំសារពើព័ន្ធខាងមុខ ពីឆ្នាំ២០២១-២០២៦ ហើយមេរៀន និងបទពិសោធន៍នៃគម្រោងរេដបូកនេះត្រូវបានយកទៅរៀបចំ និងអនុវត្តនៅតាមតំបន់ការពារធម្មជាតិជាច្រើនផ្សេងទៀតផងដែរ។